Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនាំយកអំណោយ និងមធ្យោបាយធ្វើដំណើរផ្តល់ជូនវីរកងទ័ពជួរមុខ

ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានក្នុងការការពារទឹកដី និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ បាននាំយកអំណោយផ្តល់ជូនវីរកងទ័ពជួរមុខ ដើម្បីលើកទឹកចិត្ត និងគាំទ្រចំពោះវីរភាពដ៏អង់អាចក្លាហាន។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ម៉ៅ នរនាថ បាននាំយកអំណោយរួមមាន៖ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ រួមនឹងម៉ូតូដើម្បីផ្តល់ជូនដល់វីរកងទ័ពជួរមុខ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កិច្ចការពារបូរណភាពទឹកដី។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងសហការីផងដែរ ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូត បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ពដែលនៅជួរមុខ ក្នុងការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ ពិសេសការពារប្រជាជនកម្ពុជា ដែលតម្លៃនៃការលះបង់នេះគឺកាត់ថ្លៃពុំបានឡើយ។ ឯកឧត្តមឯកអគ្គរាជទូតបានបន្តថា ក្នុងនាមជាប្រជាជនខ្មែរដែលនៅសមរភូមិក្រោយ គឺពួកយើងតែងតែរួមសាមគ្គីគ្នាជានិច្ចដើម្បីគាំទ្រដល់វីរកងទ័ព តាមរយៈការបង្កើតជាមូលនិធីផ្សេងៗសម្រាប់រៀបចំជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ផ្តល់ជូនវីរកងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខដើម្បីជាការដឹងគុណ និងតបគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតរបស់បងៗវីរកងទ័ព។

ក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា សម្រាប់ខេត្តកំពត ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកនៅសមរភូមិក្រោយ ក៏ដូចជាអាជ្ញាធរខេត្តតែងតែផ្តល់ការគាំទ្រជានិច្ចចំពោះវីរកងទ័ពដែលឈរជើងនៅសមរភូមិមុខ ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតែងតែគិតគូរជានិច្ចចំពោះក្រុមគ្រួសាររបស់វីរកងទ័ពយើង ដោយមិនទុកឱ្យពួកគាត់ជួបការលំបាកឡើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការលះបង់របស់វីរកងទ័ពដែលនៅសមរភូមិមុខក្នុងការការពារដែលអធិតេយ្យជាតិ និងប្រជាជនគឺជាការលះបង់ដ៏ធំធេងបំផុតដែលរកអ្វីមកប្រៀបធ្ទឹម និងកាត់ថ្លៃបាន ដូច្នេះមានតែការជួយគាំទ្រពីសមរភូមិក្រោយ តាមរយៈការផ្តល់ស្បៀងអាហារ និងការថែទាំគ្រួសាររបស់ពួកគាត់ដើម្បីជាការតបស្នងសងគុណចំពោះការលះបង់នេះ។

អំណោយដែលបានផ្ដល់ជូនក្នុងឱកាសនោះរួមមាន៖ អង្ករ ៤តោន, មី ១០០កេស, ទឹកសុទ្ធ ១០០កេស, ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ មធ្យោបាយធ្វើដំណើរ៖ ម៉ូតូចំនួន ៥គ្រឿង។ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចំនួន ៤៧កេស មាន ២ ០១០ឃីត ដោយក្នុង ១ឃីត រួមមាន៖ អំបុកលីងសាច់ជ្រូកផាត់, បារី, ថ្នាំពេទ្យ, ស្ករគ្រាប់, តាសក់ចាវ, ឆៃប៉ូវផ្អែម ត្រីងៀត ១០០គីឡូក្រាម និងក្រែមលាបបំបាត់រមាស់ផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង









Post a Comment

0 Comments