ស្ថិតក្នុងស្ថានភាពមិនទាន់ប្រសើរនៅឡើយ ចំពោះការដោះស្រាយបញ្ហាឈ្លានពានរបស់ថៃមកលើកម្ពុជា បើទោះបីជាមានការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះសូមបងប្អូនដែលភៀសឹកមកពីតំបន់ដែលប្រឈមតាមបណ្តាខេត្តនានាមកកាន់ខេត្តកំពត សូមរក្សាការស្នាក់នៅទីតាំងសុវត្តិភាពដដែល ហើយអាជ្ញាធរខេត្ត និងក្រុងនៅតែគិតគូរជានិច្ចចំពោះបងប្អូន។ ការលើកឡើងរបស់លោកអភិបាលក្រុងកំពតដូចនេះ ក្នុងពេលដែលលោកចុះចែកអំណោយដល់ជនភៀសឹកក្នុងសង្កាតអណ្តូងខ្មែរ។
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក លាង រឿនសុធី អភិបាលក្រុងកំពត និងអាជ្ញាធរមូលដ្ឋានបានបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗជាង ១០០គ្រួសារ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្នជាមួយសាច់ញាតិ។ មានមតិសំណេះសំណាលនាឱកាសនោះ លោកអភិបាលក្រុងបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជូនដល់បងប្អូនជនភៀសឹកផងដែរ។ លោកអភិបាលក្រុងបានបន្តថា ចាប់តាំងពីពេលប្រទេសជាតិរងការវាយប្រហារឈ្លានពានចង់បានទឹកដីពីសំណាក់ប្រទេសថៃ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់មកកាន់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមរៀបចំទទួលយកជនភៀសឹកនៅតាមបណ្តាខេត្តនានាដែលនឹងមកស្នាក់នៅបណ្តោះអាសន្នជាមួយក្រុមគ្រួសារ និងបងប្អូនក្នុងមូលដ្ឋានខ្លួន ពិសេសផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ជានិច្ច។លោក លាង រឿនសុធី បានបន្តថា ទោះបីស្ថិតក្នុងកលៈទេសៈណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ចពីបញ្ហាទឹកដី ប្រទេសជាតិ និងប្រជាជន ដោយមិនឱ្យបាត់បង់ទឹកដីសូម្បីមួយមីលីម៉ែត្រ ពិសេសគឺមិនទុកប្រជាពលរដ្ឋចោល ឬឱ្យប្រជាពលរដ្ឋស្លាប់ដោយដាច់បាយនោះឡើយ ដូច្នេះសូមបងប្អូនជនភៀសឹកទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះនេះ ហើយមិនត្រូវជឿតាមព័ត៌មានក្លែងក្លាយដែលប្រឌិតដោយជនអគតិក្រៅស្រុកមួយចំនួន។ ទន្ទឹមនឹងនោះដែរ លោកអភិបាលក្រុងក៏បានស្នើដល់បងប្អូនជនភៀសឹកទាំងអស់ សូមរក្សាការស្នាក់នៅទីតាំងសុវត្តិភាពនៅកន្លែងដដែល ហើយរង់ចាំសភាពការស្ងប់ស្ងាត់ និងមានការដោះស្រាយដាច់ស្រាច់ពីសំណាក់ថ្នាក់ដឹកនាំទទួលបានជោគជ័យសិន ចាំត្រឡប់ទៅកាន់គេហដ្ឋានវិញ។
សូមបញ្ជាក់ថា កន្លងមកឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់ចេញនូវគោលការណ៍ និងធ្វើការណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវធ្វើបច្ចុប្បន្នភាពបងប្អូនជនភៀសឹកក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើកាផ្តល់ស្បៀងអាហារ ការស្នាក់នៅ ការព្យាបាលជំងឺ និងផ្តល់ការសិក្សាសម្រាប់កុមារឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកចោលឱ្យបងប្អូនណាម្នាក់លំបាកឡើយ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























0 Comments