Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សហគមន៍នេសាទត្រពាំងរពៅបានប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញរបស់ក្រុងបូកគោ

សហគមន៍នេសាទត្រពាំងរពៅ បានបន្តបេសកកម្មក្នុងការអភិរក្សធនធានសមុទ្របានល្អប្រសើរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមជូនដល់សមាជិករបស់ខ្លួន សហគមន៍បានប្រែក្លាយខ្លួនជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយ ដែលទេសចរអាចទៅសម្រាកលម្ហែ ទទួលទាន់គ្រឿងសមុទ្រស្រស់ៗ ជិះទូកកម្សាន្តមើលកោងកាង វាលស្មៅសមុទ្រ និងត្រីផ្សោតជាដើម។ សហគមន៍ និងអាជ្ញាធរថានឹងធ្វើឱ្យសហគមន៍នេះកាន់តែទាក់ទាញខ្លាំងបន្ថែមទៀត។

ប្រធានសហគមន៍នេសាទត្រពាំងរពៅ (ព្រែកគ្រែង) លោក ថុង ញ៉ិល បានប្រាប់ឱ្យដឹងថា កន្លងមក សហគមន៍របស់លោកបានបំពេញបេសកកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងធនធានសមុទ្ររបស់ខ្លួនបានយ៉ាងល្អ ធ្វើឱ្យភោគផលសមុទ្រនៅតំបន់ក្បែរដែនសហគមន៍មានភាពល្អប្រសើរ។ ប៉ុន្តែដើម្បីជំរុញការទប់ស្កាត់បទល្មើសនេសាទ និងដើម្បីរកប្រាក់ចំណូលបន្ថែម សហគមន៍បានប្រែក្លាយខ្លួនទៅជាតំបន់អេកូទេសចរណ៍ ដោយបានសង់ខ្ចុះសម្រាប់ភ្ញៀវទេសចរទទួលទានអាហារ សម្រាកលម្ហែ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ និងមានការសាងសង់ស្ពានឈើសម្រាប់ដើរកម្សាន្តជាច្រើនផងដែរ។

លោកប្រធានសហគមន៍រូបនេះបានបន្តថា បច្ចុប្បន្នសហគមន៍នៅតែបន្តអភិរក្ស និងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយសហគមន៍ក៏មានកញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរតាមរយៈការជិះទូកកម្សាន្តនៅតំបន់អភិរក្សសំខាន់ៗជាច្រើនកន្លែង  ពិសេសទៅទស្សនាសត្វផ្សោតសមុទ្រ។

ចៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត លោក គង់ ប៊ុនរ៊ា បានប្រាប់ឱ្យដឹងដែរថា សហគមន៍នេសាទត្រពាំងរពៅ បានប្រែក្លាយទៅជាតំបន់អេកូទេចរណ៍ធម្មជាតិមួយកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើនឱ្យមកទស្សនា តែទោះជាយ៉ាងណាក៏ដោយ ក៏ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ និងសេវាកម្មទទួលភ្ញៀវទេសចរ នៅមានកម្រិតនៅឡើយ ប៉ុន្តែសង្គាត់បានរៀបចំផែនការរួចហើយក្នុងការពង្រីក និងពង្រឹងគុណភាពលើចំណុចទាំងនោះឱ្យបានល្អប្រសើរថែមទៀត។

លោកចៅសង្កាត់បានបញ្ជាក់ថា សហគមន៍នេសាទមានសារៈប្រយោជន៍ច្រើនសម្រាប់ប្រជានេសាទ ហើយទៅថ្ងៃមុខ បើគ្មានការរំខានពីក្រុមហ៊ុនវិនិយោគទេ ប្រជាសហគមន៍ និងពលរដ្ឋក្នុងតំបន់ និងមានឱកាសបង្កើតការងារជាច្រើន តាមរយៈការប្រមូលភោគផលសមុទ្រ និងការផ្តល់សេវាកម្មផ្សេងៗទៅឱ្យភ្ញៀវទេចរ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments