Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំខេត្ត៖ មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រូវប្រឹងប្រែងប្រែក្លាយកសិកម្មប្រពៃណីទៅជាកសិកម្មទំនើប

ថ្នាកដឹកនាំខេត្តកំពតបានលើកឡើងថា វិស័យកសិកម្មដើរតួយ៉ាងសំខាន់ក្នុងជួយជំរុញដល់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ហើយក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៦ចំណុច មានពីរចំណុចលើកឡើងអំពីកសិកម្ម ដូច្នេះដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យុវជន ពិសេសមន្ត្រីបច្ចេកទេសកសិកម្មឃុំ ត្រូវប្រឹងប្រែប្រែក្លាយកសិកម្មប្រពៃណី ឲ្យទៅជាកសិកម្មទំនើប ដើរលឿន អាចជឿទុកចិត្តបាន មានបរិមាណ គុណភាព និងតម្លៃ។

មានប្រសាសន៍បិទវគ្គបណ្តុះបណ្តាល និងចែករំលែកការងារកសិកម្ម ក្រោមប្រធានបទ « យុវជន និងកសិកម្មក្នុងសម័យបច្ចេកវិទ្យា » នៅសាលប្រជុំសាលាស្រុកទឹកឈូ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត និងជាប្រធានយុវជន ស.ស.យ.ក. ខេត្ត បានលើកឡើងថា បច្ចុប្បន្នខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ ដែលមានភ្ញៀវមកកម្សាន្ត ចន្លោះពី៣ម៉ឺន ទៅ៤ម៉ឺនប្រាំពាន់នាក់ ក្នុងមួយសប្តាហ៍។ ហើយអ្វីដែលគេមើលឃើញថា នឹងក្លាយជាបញ្ហានោះ គឺកង្វះការផ្គត់ផ្គង់ចំណីអាហារ ដូចជាត្រីសាច់ បន្លៃ ផ្លែឈើ បង្គារ ក្តាម មាន់ទា។ល។ ដែលទាមទាឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសយុវជន ដែលជាមន្ត្រីបច្ចេកទេសកសិកម្មឃុំនីមួយៗ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យវិស័យកសិកម្មតាមបែបប្រពៃណី ក្លាយទៅជាកសិកម្មទំនើប (ដើរលឿន អាចជឿទុកចិត្តបាន មានបរិមាណ គុណភាព និងតម្លៃ)។    
ឯកឧត្តមបានស្នើឲ្យមន្ត្រីកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ ត្រូវប្រកាន់ភ្ជាប់នូវ៖ ១, គិតពីប្រយោជន៍រួម ធ្វើការងារជាក្រុម ត្រូវហ៊ានលះបង់ពេលវេលាជាមួយបងប្អូនប្រជាកសិករជានិច្ច។ ២,ខិតខំអភិវឌ្ឍសមត្ថភាព រៀនសូត្របន្ថែមដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។ ៣,ស្វែករកឲ្យឃើញនូវមុខរបរកសិកម្មណាដែលមានសក្តានុពលក្នុងភូមិឬឃុំរបស់ខ្លួន។ ៤, យុវជនជួយផ្សព្វផ្សាយផលិតផលកសិកម្ម នៅតាមសហគមន៍ គ្រប់ទម្រង់ រួមទាំងលើប្រព័ន្ធ Digital ផងដែរ ហើយឃុំត្រូវបន្តការគាំទ្រដល់មន្រ្តីបច្ចេកទេសកសិកម្មឃុំជានិច្ច។

លោក ម៉ី ភារ៉ា មន្ត្រីបច្ចេកទេសកសិកម្មឃុំកូនសត្វ ដែលមានបច្ចេកទេសនិងបទពិសោធន៍ជ្រៅជ្រះជាងគេ និងជាអ្នកមានគំនិតផ្តួចផ្តើមបង្កើតវគ្គបណ្តុះបណ្តាល និងចែករំលែកការងារកសិកម្ម២លើក មកហើយនោះបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលលើកទី២នេះ មានមន្ត្រីកសិកម្មឃុំក្នុងខេត្តកំពតសរុប៧០រូប (ស្រី២៧នាក់) ដែលធ្វើការនៅភូមិគោលដៅចំនួន៣៦០ ក្នុង៦៧ឃុំ និង៧ស្រុក ដោយផ្តោតទៅលើដំណាំស្រូវ ការគ្រប់គ្រងកត្តាចង្រៃ  ស្មៅចង្រៃ  សត្វចង្រៃ  សត្វល្អិតចង្រៃ  ជំងឺលើដំណាំស្រូវ  ថ្នាំកសិកម្ម ការប្រើប្រាស់ជី , ការប្រើប្រាស់កម្មវិធីឌីជីថលសម្រាប់ដោះស្រាយបញ្ហាបច្ចេកទេសកសិកម្ម, ការប្រើប្រាស់កម្មវិធីឌីជីថលសម្រាប់ថ្នាំកសិកម្ម  ការប្រើប្រាស់កម្មវិធីសម្រាប់បច្ចេកទេសដំណាំ និងវិធីសាស្ត្រផ្សព្វផ្សាយជាដើម។

មន្ត្រីកសិកម្មរូបនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងជាប្រធានយុវជន (ស.ស.យ.ក) ស្រុក ដែលបានជួយឧបត្ថម្ភគាំទ្រវគ្គបណ្តុះបណ្តាលពេញ១ថ្ងៃនេះ ដើម្បីជាជំនួយបច្ចេកទេសដល់មន្ត្រីកសិកម្មឃុំ ក្នុងការចុះផ្សព្វផ្សាយតាមមូលដ្ឋាន អំពីបច្ចេកទេសថ្មីៗ ចែករំលែកបទពិសោធន៍ និងចំណេះដឹងប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីសាមគ្គីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មក្នុងសម័យបច្ចេកវិទ្យា ទូទាំងខេត្តកំពត ធានាឲ្យបាននូវការកាត់បន្ថយថ្លៃដើម នៃការផលិត ការគ្រប់គ្រង ហានិភ័យក្នុងដំណើរការផលិតកម្ម បង្កើនទិន្នផល និងប្រាក់ចំណេញដល់ប្រជាកសិករ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments