អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់ឯកឧត្តម ផ្លូវក្នុងក្រុងកំពត និងផ្លូវតំបន់ទេសចរណ៍ក្បែរៗក្រុង សាងសង់ពីបេតុងទាំងអស់ ពោលចាប់ពីស្ពានចិន ឃុំកំពង់គ្រែង រហូតដល់កំពង់ផែនទេសចរណ៍អន្តរជាតិ ហើយបត់តាមស្រែអំបិលមកដល់ផ្លូវជាតិលេខ៣៣។ ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ ខេត្តកំពតកាន់តែមានសោភ័ណភាព អនាម័យ បរិស្ថានស្អាត គ្មានធូលីដីឲ្យទេសចរឃើញទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព របស់ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា មកដល់ថ្ងៃនេះ ខេត្តកំពតយើងទទួលបានការកោតសរសើរថាមានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ហើយទាំងក្រុង និងនៅតាមបណ្តាស្រុក មានសោភ័ណភាព អនាម័យ បរិស្ថានស្អាត គ្មានសំរាម។ ទន្ទឹមនឹងសមិទ្ធផលទេសចរណ៍ថ្មីៗប្លែកៗ បានលេចចេញជារូបរាងជាបន្តបន្ទាប់ផងនោះ ធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកាន់តែច្រើន។ ប៉ុន្តែសម្រាប់មហិច្ឆតារបស់ខេត្ត យើងនឹងបន្តខិតខំបន្ថែមទៀត ពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ និងស្ពានវាងក្រុងដែលនឹងបើកការដ្ឋានសាងសង់ នៅខែតុលាខាងមុខនេះ។ឯកឧត្តមបានបញ្ជាក់ថានៅក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ផ្លូវស្ថាបនាពីបេតុងទាំងអស់ ហើយក្នុងពេលដ៏ខ្លីខាងមុខភ្ញៀវទេសចរមកលេងខេត្តកំពត មិនត្រឹមតែមិនឃើញសំរាមទេ ធូលីដីក៏គ្មានដែរ ព្រោះផ្លូវសុទ្ធតែបេតុង និងសួនច្បារក្រាលថ្មម៉ាបអស់ហើយ។
យ៉ាងណាក៏ដោយឯកឧត្តមអភិបាលខេត្តបានស្នើដល់ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ឲ្យជួយរិះគិត និងផ្តល់យោបល់ ថាតើខេត្តត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវ ឲ្យមកលេងហើយ ចង់មកលេងទៀត។ ឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើ រឿងសម្អាតអនាម័យ ការទុកដាក់សំរាម និងប្លាស្ទិក ពិសេសជំរុញបរិស្ថានបៃតង់ តាមរយៈការួមគ្នាដាំដើមឈើផ្កា ដូចជាដើមក្ងោកឬដើមត្របែកព្រៃតាមដងផ្លូវនានា ទីសាធារណៈ វត្តអារាម និងសាលារៀនជាដើម ព្រោះមានតែការចូលរួមទាំងអស់គ្នាទេ ទើបអាចជួយធ្វើឲ្យខេត្តកំពត បោះជំហានទៅមុខ តាមចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល គឺនៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments