Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់អធិការកិច្ច៖ ការប្រើអំពើហិង្សាក្នុងគ្រួសារគឺជាទង្វើខុសច្បាប់នាំមកនូវក្តីវិនាសដល់គ្រួសារនសង្គមជាតិ

រដ្ឋលេខាធិកាក្រសួងអធិការកិច្ច និងអាជ្ញាធរខេត្តកំពតបានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងជួយការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ហើយថាការប្រើអំពើហិង្សា មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាទេ តែជាទង្វើខុសច្បាប់ នាំមកនូវក្តីវិនាស ព្រាត់ប្រាស់ គ្មានសុភមង្គល ខាតបង់ប្រយោជន៍គ្រួសារ និងសង្គមជាតិ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី “ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ” នៅសាលាស្រុកដងទង់ ខេត្តកំពត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ នៅតែជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលទាំងអាណត្តិមុន និងអាណត្តិនេះ ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ ទាំងការអប់រំ ការបង្ការ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ រួមទាំងវិធានការច្បាប់ផងដែរ។ ដោយឡែកក្រសួងអធិការកិច្ច ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការជួយសម្របសម្រួលពីមន្ទីរអធិការកិច្ច បានសហការជាមួយអាជ្ញាធរខេត្តកំពត បរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី “ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ” ដ៏មានអត្ថន័យនៅពេលនេះ។

លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើខុសច្បាប់ ដែលសំដៅលើអំពើហិង្សាកើតមានទៅលើប្តី ឬប្រពន្ធ ឬកូនក្នុងបន្ទុក ឬជនទាំងឡាយណាដែលរស់នៅក្រោមដំបូលផ្ទះ និងបន្ទុកគ្រួសារមួយ។ មូលហេតុភាគច្រើនដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសាររួមមាន៖ ការមិនយល់ចិត្តគ្នា ការមិនយោគយល់អធ្យាស្រ័យឱ្យគ្នា មិនស្មោះត្រង់នឹងគ្នា ការរើសអើង ការផឹកគ្រឿងស្រវឹង ការប្រព្រឹត្តអំពើខុសច្បាប់ដូចជា សេពគ្រឿងញៀន លេងល្បែងស៊ីសង និងខ្វះការអប់រំជាដើម។ អំពើហិង្សាក្នុងគ្រួសារសារបានបង្កឱ្យមានការបែកបាក់សាមគ្គី ព្រាត់ប្រាស់គ្នា មិនចុះសម្រុងនឹងគ្នា គ្មានសុភមង្គល ខាតបង់ពេលវេលា ទ្រព្យសម្បត្តិ អាប់ឱនកិត្ដិយសកេរ្តិ៍ឈ្មោះគ្រួសារ ហើយកូនៗក៏រងផលប៉ះពាល់ អាចក្លាយជាក្មេងឯកកោ ផ្ដាច់ខ្លួនចេញពីគេឯង ប៉ះពាល់ដល់ការលូតលាស់ផ្នែកបញ្ញាស្មារតី និងបាត់បង់ធនធានមនុស្សដែលនាំឱ្យរាំងស្ទះដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិកាក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ហើយការរស់នៅត្រូវចេះគោរពឱ្យតម្លៃគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក ការសម្រេចចិត្តគឺត្រូវជជែកគ្នា អត់ធ្មត់ យោគយល់គ្នា និងសូមចងចាំថា ការប្រើអំពើហិង្សាមិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញគឺបង្កឱ្យមានរបួស ការឈឺចាប់ គឺវិនាសទាំងសងខាងតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះដែរ លោក សេន សាប៊ីល អភិបាលរងខេត្តកំពត ក៏បានថ្លែអំណគុណដល់ ក្រសួង និងមន្ទីរអធិការកិច្ចខេត្តកំពត ដែលតែងតែយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយច្បាប់ផ្សេងៗដែលពាក់ព័ន្ធទៅនឹងក្តីកង្វល់របស់សង្គមក៏ដូចជារាជរដ្ឋាភិបាល ជាពិសេសការប្រើអំពើហិង្សាក្នុងគ្រួសារ។ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់សាធារណជន ជាពិសេសភាគីពាក់ព័ន្ធទាំងអស់សូមចូលរួមសហការទប់ស្កាត់អំពើហិង្សា និងការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីចូលរួមលើកកម្ពស់សន្ដិសុខ សុវត្ថិភាព សុខុមាលភាព សុភមង្គល និងសេចក្តីថ្លៃថ្នូររបស់គ្រួសារ និងសង្គមជាតិខ្មែរទាំងមូល៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments