Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរស្រុកទឹកឈូផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃជូនដល់ទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តក្នុងស្រុក

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជននៅស្រុកទឹកឈូ រួមនឹងអង្គការដៃគូ បានរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីៗរបស់ស្រុក ក្រោមប្រធានបទ “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” ដោយលើកទឹកចិត្តឱ្យទេសចរជាតិ និងអន្តរជាតិ មកយកកងជិះកម្សាន្តជំនួសរថយន្ត ឬម៉ូតូរបស់ពួកគេ។ អាជ្ញាធរ និងអ្នកពាក់ព័ន្ធយល់ឃើញថា ការរៀបចំដំណើរកម្សាន្តដោយការជិះកង់នេះនឹងផ្តល់ប្រយោជន៍រួមច្រើនយ៉ាង។

លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា ការរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គឺជាយុទ្ធនាការមួយដើម្បីរួមគ្នាផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យបានដឹងថា ស្រុកទឹកឈូ ចាប់ផ្តើមផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃសម្រាប់អ្នកដែលចង់មកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងស្រុក ក្នុងន័យដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយសារការជិះម៉ូតូ ឬរថយន្ត និងដើម្បីសុខភាពផងដែរ។ លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ការមកទទួលសេវាជិះកង់កម្សាន្តនៅសាលាស្រុក ជាការរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាព បរិស្ថាន និងទេសចរណ៍ ក៏ដូចជាជួយជំរុញដល់សេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។

ជាមួយគ្នានេះដែរ នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា លោក វន សំភាស់ បានប្រាប់ឱ្យដឹងដែរថា អង្គការរបស់លោកពិតជារីករាយក្នុងការចូលរួមចំណែកទាំងសម្ភារៈ និងថវិកាជាមួយរដ្ឋបាលស្រុកទឹកឈូ ក្នុងន័យដើម្បីធ្វើឱ្យសេវាជិះកង់កម្សាន្តមួយនេះក្លាយទៅជាកម្មភាពទេសចរណ៍ទាក់ទាញថ្មីមួយបន្ថែមទៀតរបស់ស្រុក។ លោកបានបន្តថា ការរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីៗរបស់ស្រុក ក្រោមប្រធានបទ “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” នាពេលនេះ គឺធ្វើឡើងក្នុងបំណង់ផ្សារភ្ជាប់សកម្មភាពកីឡា ទេសចរណ៍ បរិស្ថាន និងការអប់រំ។

សូមបញ្ជាក់ថា ស្រុកទឹកឈូមានរមណីយដ្ឋានជាច្រើនដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីសាលាស្រុកប៉ុន្មានទេ ហើយផ្លូវធ្វើដំណើរក៏ងាយស្រួល ព្រោះជាផ្លូវបេតុង និងកៅស៊ូទាំងអស់។ ទន្ទឹមនឹងនោះភ្ញៀវទេសចរក៏អាចមានជម្រើសច្រើនក្នុងការជិះកង់កម្សាន្តក្នុងស្រុក មិនថាជាលក្ខណៈគ្រួសារ ក្រុមការងារ ឬមិតភក្តិនោះទេ ស្របពេលដែលស្រុកមានចំនួនកង់មានដល់ ៧៥គ្រឿងសម្រាប់ផ្តល់ជូនភ្ញៀវទេសចរជិះកម្សាន្ត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments