មន្ត្រីបរិស្ថានបានបញ្ជាក់ថា រយៈពេល ៥ខែដើមឆ្នាំ២០២៥នេះ ខេត្តកំពតបានធ្វើការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមចិញ្ចើមផ្លូវនានាក្នុងខេត្តជាង ១ម៉ឺនលើក ដោយប្រមូលសំរាមបានប្រមាណ ៧៥តោន។ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានកោតសរសើរចំពោះការចូលរួមសម្អាតបរិស្ថាន និងបានស្នើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទុកដាក់សំរាមឱ្យល្អ ដើម្បីធ្វើឱ្យខេត្តកំពតកាន់តែស្អាត តាមផ្លូវគ្មានសំរាមរាយប៉ាយ។
មានប្រសាសន៍នៅក្នុងពិធីប្រារព្វទិវាបរិស្ថានជាតិ និងបរិស្ថានពិភាពលោក ដែលធ្វើឡើងនៅបរិវេណវិទ្យាល័យ និងសាលាបឋមសិក្សា ហ៊ុន សែន ត្រសេកកោង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឱ្យដឹងថា កន្លងមក មន្ទីរបរិស្ថានបានធ្វើការសម្របសម្រួលជាមួយសាលារៀន វត្តអារាម ក៏ដូចជាវិស័យឯកជននានានៅទូទាំងខេត្ត សរុបចំនួន ៤៦៧កន្លែង ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងតាមដងផ្លូវនានា ដែលជាលទ្ធផលយើងធ្វើបានចំនួន ១១.៧៥៤លើក ដោយប្រមូលសំរាមបានប្រមាណ ៧៥តោន។ ទន្ទឹមនឹងយុទ្ធនាការនេះដែរ លោកប្រធានមន្ទីរក៏បានធ្វើការស្នើសុំឱ្យពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមមានការចូលរួមថែរក្សាអនាម័យ បរិស្ថាន ពិសេសសូមជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈដែលសំរាមនៅតាមដងផ្លូវនៅតែបន្តមានរាយប៉ាយ។ក្នុងពិធីនេះដែរ លោក មឿង គង្គា អភិបាលរងខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹងនាំរបស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តមានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះវិស័យទេសចរណ៍ បាននិងកំពុងតែដើរតួយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារពលរដ្ឋ។ លោកអភិបាលរងបានបន្តថា ហើយដើម្បីធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើននោះ គឺទាមទាឱ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស រួមទាំងព្រះសង្ឃ ចូលរួមសម្អាតអនាម័យបរិស្ថានឱ្យបានល្អ ពិសេសត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យខេត្តកំពតកាន់តែស្អាត តាមផ្លូវគ្មានសំរាមរាយប៉ាយ។
សូមបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៥នេះ គឺធ្វើឡើងក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” ដើម្បីរួមចំណែកធ្វើយ៉ាងណាឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ចំពោះកិច្ចការពារ និងការគ្រប់គ្រងធនធានធម្មជាតិ ចូលរួមទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងប្រែក្លាយបរិស្ថានកម្ពុជា ក៏ដូចជាខេត្តកំពតឱ្យស្អាតផូរផង់ និងមានភាពបៃតងជានិច្ច ដើម្បីលើកស្ទួយកិត្យានុភាពជាតិ និងលើកកម្ពស់សុខដុមរម្យនារបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments