ដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងពត៌មានក្លែងក្លាយ មន្ទីរពត៌មានខេត្តកំពតបាននិងកំពុងចុះធ្វើយុទ្ធនាការផ្សាព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីព័ត៍មានក្លែងក្លាយនៅតាមសាលារៀន ផ្សារ និងទីសាធារណៈផ្សេងៗ ក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។ បើតាមការបញ្ជាក់របស់លោកស្រីប្រធានមន្ទីរថា យុទ្ធនាការនេះពិតជាសំខាន់ ហើយក្រុមការងារនឹងបន្តចុះធ្វើនៅគ្រប់បណ្តាក្រុង-ស្រុកនៅទូទាំងខេត្ត។
ប្រធានមន្ទីរព័ត៌មានខេត្តកំពត លោកស្រី ប៉ូ ចាន់រស្មី បានប្រាប់ឱ្យដឹងថា មន្ទីរព័ត៌មានបាននឹងកំពុងធ្វើយុទ្ធការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ១សប្តាហ៍ហើយ។ ការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងនៅទីជនបទ និងទីប្រជុំជន សិស្សានុសិស្ស ឱ្យមានការយល់ដឹងពីព័ត៌មានក្លែងក្លាយ ព្រោះព័ត័មានក្លែងក្លាយអាចបំផ្លាញ់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ សុខភាពសាធារណៈ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខ្លួនឯង និងអ្នកដទៃ និងសង្គមជាដើម។លោកស្រីប្រធានមន្ទីរបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយជាសាច់រឿងដែលត្រូវបានគេប្រឌិតឡើង ហើយផ្សព្វផ្សាយជាអត្ថបទ រូបភាព វីដេអូ ឬជាសំឡេងនៅលើប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ បោកប្រាស់ កេងចំណេញ អាជីវកម្ម សេដ្ឋកិច្ច នយោបាយ និងធ្វើឱ្យជ្រួលច្របល់ក្នុងសង្គម។ ប្រភេទព័ត៌មានក្លែងក្លាយមានដូចជា ដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ។ លោកស្រីប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ការនាំគ្នាផលិត និងចែកចាយព័ត៌មានក្លែងក្លាយគឺបំផ្លាញ់ដល់ខ្លួនឯង គ្រួសារ និងសង្គម។ លោកស្រីក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យចូលរួមផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដល់មិត្តភក្តិ និងក្រុមគ្រូសារ ហើយសូមធ្វើការចែករំលែកតែព័ត៌មានណា ដែលមានប្រភពច្បាស់លាស់។
សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តកំពតបានបង្ហាញការយល់ឃើញរបស់ខ្លួនថា យុទ្ធនាការ “ប្រយុទ្ធឆាំងនឹងព័ត៌មានក្លែងក្លាយ” ជារឿងចាំបាច់ណាស់ ដើម្បីឱ្យពលរដ្ឋកាន់តែយល់ដឹងស៊ីជម្រៅអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ ពួកគាត់បានបន្តថា ព័ត៌មានខ្លះធ្វើឡើងដើម្បីតែទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីផលប៉ះពាល់ដល់បុគ្គល អាជីវកម្ម សេដ្ឋកិច្ច នយោបាយ ឬបង្កឱ្យមានភាពជ្រួលច្របល់ក្នុងសង្គមនោះឡើយ។ ពួកគាត់ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវពិនិត្យមើលខ្លឹមសារ និងស្វែងយល់ពីសាវតាព័ត៌មានឱ្យបានច្បាស់លាស់មិននឹងចែកចាយបន្ត ព្រោះការចែកចាយព័ត៌មានក្លែងក្លាយគឺអាចធ្វើឱ្យមានការភ័ន្តច្រឡំ។
គួរបញ្ជាក់ថា កន្លងមកមន្ទីរព័ត៌មានខេត្តកំពត បានរៀបចំកម្មវិធី និងចុះអប់រំផ្សព្វផ្សាយជាញឹកញាប់ពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់មហាជន រួមទាំងអ្នកសារព័ត៌មានក្នុងខេត្តផងដែរ។ ដោយឡែកសម្រាប់យុទ្ធនាការនាពេលនេះ ក្រុមការងារមន្ទីរនឹងបន្តចុះធ្វើរយៈពេល១ខែពេញ នៅតាមបណ្តាក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments