Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យកម្លាំងនគរបាលខេត្តកំពតពង្រឹងសាមគ្គីភាព រួមគ្នាការពារសុខសន្តិភាព បូរណភាពទឹកដី និងការពារសុខសុវត្តិភាពជូនពលរដ្ឋ

រដ្ឋលេខធិការប្រចាំការក្រសួងមហាផ្ទៃ បានជំរុញ និងលើកទឹកចិត្តកងកម្លាំងនគរបាលខេត្តកំពត ឱ្យបន្តរក្សាសាមគ្គីភាព និងត្រៀមខ្លួនជានិច្ចក្នុងកិច្ចការពារសុខសន្តិភាព បូរណភាពទឹកដី ពិសេសការពារសុខសុវត្តិភាពជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនោះ កងកម្លាំងទាំងអស់ក៏ត្រូវតាមដានសភាពការណ៍នៅតំបន់ព្រំដែន ហើយត្រូវរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយជៀសវាងមានការយល់ច្រឡំពីប្រជាពលរដ្ឋពីសភាពការណ៍នៅតំបន់ព្រំដែន។

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្យាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំងយុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ក្រោមធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកំពត។

មានមតិសំណេះសំណាល និងដឹកនាំកិច្ចប្រជុំនាឱកាសនោះ ឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពតទាំងអស់ និងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ក៏ដូចជាជូនប្រជាពលរដ្ឋនាពេលកន្លងមកទទួលបានលទ្ធផលល្អ។ ជាមួយគ្នានេះដែរ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជំរុញឱ្យ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ និងបន្តរួមគ្នាអនុវត្តការងារតាមជំនាញរៀងៗខ្លួនឱ្យកាន់តែប្រសើរ ពិសេសការផ្តល់សេវាសាធារណៈនិងសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន ហើយបន្តរួមគ្នាការពារសុខសន្តិភាព បូរណភាពទឹកដី។

ទន្ទឹមនឹងនោះដែរ ឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី សម្តេចតែងតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺមិនចង់ឱ្យប្រទេសកើតមានសង្គ្រាមម្តងទៀតនោះទេ។ ជាក់ស្តែងបច្ចុប្បន្ននេះ សភាពការណ៍នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បានកើតឡើងជាបន្តបន្ទាប់ដោយភាគីថៃតែងតែចង់បង្ករឱ្យមានតានតឹងផ្នែកយោធា រួមនឹងការគម្រាមកំហែងផ្សេងៗមកលើកម្ពុជា តែទោះជាយ៉ាងណាគោលជំហររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីជាប្រមុខ លោកតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ដោះស្រាយដោយសន្តិវិធី មិនចង់ឱ្យកើតមានសង្គ្រាមនោះទេ។ តែទោះជាយ៉ាងណាក្នុងនាមយើងជាកងកម្លាំង យើងត្រូវត្រៀមខ្លួនជានិច្ចក្នុងកិច្ចការពារ និងរក្សាសុខសន្តិភាពដែលយកមកដោយលំបាកពីសំណាក់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមានមកដល់សព្វថ្ងៃឱ្យនៅគង់វង្សយូរអង្វែងបន្តទៅមុខទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments