ដើម្បីលើកកម្ពស់តម្លៃស្ត្រី ក៏ដូចជាជំរុញឱ្យស្ត្រីមានការសិក្សាបានខ្ពង់ខ្ពស់ សមាគមសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់យុវតីដែលរៀនថ្នាក់ទី១២ ក្នុងគោលបំណង ចែករំលែកនូវបទពិសោធន៍របស់វាគ្មិនដែលមានអាជីពការងារផ្សេងៗគ្នា ដើម្បីជាគំនិតសម្រាប់ការយល់ដឹងបន្ថែមរបស់ពួកគាត់ ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញ ឬក៏មហាវិទ្យាល័យមួយដែលគាត់ស្រលាញ់។
កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានបើកកិច្ចប្រជុំពិគ្រោះយោបល់រៀបចំផែនការចុះធ្វើវេទិកា និងការងារផ្សេងៗ របស់សាខាសមាគម ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីសមាជិកាកិត្តិយសសាខាសមាគម លោកស្រី ប្រធាន អនុប្រធានអនុសាខាសមាគមនារីក្រុង-ស្រុក មន្ទីរអង្គភាព ដែលពិធីនេះធ្វើឡើងនៅសាលទុរេនសាលាខេត្តកំពត។មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សមាគមនារីនៅតាមបណ្តាក្រុង-ស្រុកទាំង៩ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធិផលល្អប្រសើរ។ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីខេត្តបានបញ្ជាក់ថា ដោយឡែក ក្នុងកិច្ចប្រជុំនាពេលនេះ សមាគមនារីខេត្ត នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់យុវតីដែលរៀនថ្នាក់ទី១២ នៅតាមបណ្តាក្រុង-ស្រុកទាំង៩ ដើម្បីរួមចំណែកក្នុងការបង្ហាញទិសដល់ក្មួយៗយុវតីទាំងអស់ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នាពេលខាងមុខ ក្នុងការជ្រើសរើសជំនាញសិក្សាបន្តឱ្យបានត្រឹមត្រូវ ហើយវគ្គនេះក៏នឹងជួយជំរុញឱ្យយុវតីមានទឹកចិត្តក្នុងការសិក្សារៀនសូត្របន្តទៅថ្នាក់ឧត្តមសិក្សា និងទទួលបានការងារល្អប្រសើរ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសដល់យុវតីដែលរៀនថ្នាក់ទី១២នេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍របស់វាគ្មិនដែលមានអាជីពការងារផ្សេងៗគ្នា និងដើម្បីជាគំនិតសម្រាប់ការយល់ដឹងបន្ថែមដល់យុវតីដែលប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឱ្យបានយល់ច្បាស់ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញ ឬក៏មហាវិទ្យាល័យមួយដែលពួកគាត់ស្រលាញ់៕
0 Comments