Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឆ្នេរខ្សាច់ចន្លោះស្ពានឥន្ទធនូទៅស្ពានថ្មថ្មីនឹងកាន់តែទាក់ទាញក្រោយរៀបចំអ៊ុតកៅស៊ូ AC រួចរាល់

អភិបាលក្រុងកំពតថា ឆ្នេរខ្សាច់ប្របមាត់ព្រែកកំពង់បាយ ក្រុងកំពត ចន្លោះពីស្ពានឥន្ទធនូរហូតដល់ស្ពានថ្មថ្មី កំពុងតែមានភាពទាក់ទាញ និងពេញនិយមក្នុងការមកសម្រាកលំហែ និងហូបអាហារជុំគ្រួសារនាពេលល្ងាច។ ហើយឆ្នេរខ្សាច់នេះ និងកាន់តែមានភាពទាក់ទាញបន្ថែមទៀតក្រោយពីអាជ្ញាធរខេត្ត រៀបចំអ៊ុតកៅស៊ូ AC និងរៀបចំឱ្យមានផ្លូវថ្នើរជើង សួនច្បារ និងចំណតរថយន្ត។ លោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ចូលរួមរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងក្រុង។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា ឆ្នេរខ្សាច់កម្សាន្តដែលមានប្រវែងជិត ៧០០ម៉ែត្រ ចន្លោះពីស្ពានឥន្ទធនូភ្ជាប់ទៅស្ពានថ្មថ្មី មុខមន្ទីរពេទ្យបង្អែកខេត្ត កំពុងទទួលបានការពេញនិយម និងទាក់ទាញភ្ញៀវទេសចរឱ្យមកលំហែកម្សាន្តនាពេលល្ងាច ពិសេសការហូបអាហារជុំក្រុមគ្រួសារ។ លោកអភិបាលក្រុងបានបន្តថា ក្រោមការដឹកនាំនិងចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងត្រូវបានស្ថាបនា និងកែលម្អជាបន្តបន្ទាប់ ជាក់ស្តែងផ្លូវប្របឆ្នេរព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកត្រូវបានរៀបចំអ៊ុតកៅស៊ូ AC ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់គល់ស្ពានថ្មថ្មី ដែលមានប្រវែង ៦១៤ម៉ែត្រ ដែលទំហំទទឹងមានការប្រែប្រួលចាប់ពី ៦ម៉ែត្រ រហូតដល់ជាង ៣០ម៉ែត្រទៅតាមស្ថានភាពជាក់ស្តែងនៃដំណេកព្រែក។ ការរៀបចំនេះគឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ពិសេសអាជ្ញាធរខេត្តបានរៀបចំឱ្យមានចំណតរថយន្ត សួនច្បារ ក៏ដូចជាផ្លូវថ្មើរជើងផងដែរ។

លោកអភិបាលក្រុងបានបន្ថែមថា ក្រោយពេលដែលស្ថាបនាផ្លូវនេះរួចតំបន់នេះនឹងប្រែក្លាយមុខមាត់ថ្មី ពិសេសការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន។ លោកអភិបាលក្រុងក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នតំបន់នេះត្រូវបានរៀបចំឱ្យមានរថយន្តចល័តដែលរៀបចំដោយអាជ្ញាធរខេត្ត និងក្រុងចំនួន ៧គ្រឿងដើម្បីលក់ដូរម្ហូបអាហារជូនដល់ភ្ញៀវទេសចរ ហើយអ្វីដែលពិសេសនោះគឺទីតាំងនេះគឺជាទីតាំងសាធារណៈដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ឬអាចយកម្ហូបអាហារមកពិសារនៅទីនេះបានដោយមិនគិតប្រាក់នោះឡើយ។ ទន្ទឹមនឹងនោះដែរលោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ចូលរួមរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងក្រុងកំពត។

សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាង ៣ឆ្នាំមកនេះ ខេត្តកំពតក្រោមការដឹកនាំ និងអភិវឌ្ឍន៍ផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តត្រូវបានស្ថាបនា និងរៀបចំកែលម្អជាបន្តបន្ទាប់ ពិសេសសមិទ្ធិផលទេសចរណ៍ថ្មីៗត្រូវបានបង្កើតឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ដោយឡែកផ្លូវសំខាន់ៗក្នុងក្រុងកំពត ត្រូវបានរៀបចំកែលម្អ និងលើកកម្ពស់គុណភាពជាបន្តបន្ទាប់ ជាក់ស្តែងផ្លូវចូលទៅកាន់ចំណតទូកទេសចរណ៍ ចន្លោះពីស្ពានថ្មថ្មីភ្ជាប់ទៅកាន់ស្ពានរថភ្លើង ប្រវែងជាង ១ពាន់ម៉ែត្រត្រូវបានរៀបចំចាក់ជាបេតុងរួចរាល់ ហើយបច្ចុប្បន្នកំពុងចាប់ផ្តើមអ៊ុតកៅស៊ូ AC ចន្លោះពីស្ពានឥន្ទធនូរហូតដល់ស្ពានថ្មថ្មី ក្នុងន័យដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments