អាជ្ញាធរស្រុកទឹកឈូបញ្ជាក់ថា រមណីយដ្ឋានទឹកឈូ ជារមណីយដ្ឋានដែលមានឈ្មោះល្បីល្បាញមុនគេបំផុតនៅខេត្តកំពត ហើយបច្ចុប្បន្ន រមណីយដ្ឋានប្រវត្តិសាស្ត្រដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមួយនេះ បាននិងកំពុងបន្តរៀបចំកែលម្អទាំងសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសេវាកម្មផ្សេងៗ ឱ្យកាន់តែប្រសើរជាងមុន។ ភ្ញៀវទេសចរ និងអាជីវករ រីករាយដែលឃើញរមណីយដ្ឋានទឹកឈូស្អាត និងមានភ្ញៀវមកលេងច្រើន។
អភិបាលរងស្រុកទឹកឈូ លោក មូល សូធា បានប្រាប់ឱ្យដឹងថា រមណីយដ្ឋានទឹកឈូ បានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្ររបស់ខេត្តកំពត ព្រោះភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តកំពត គឺតែងតែនឹកឃើញ និងមកលេងរមណីយដ្ឋាននេះ។ ហើយបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ បាននិងកំពុងរៀបចំរមណីយដ្ឋានទឹកឈូឱ្យមានសណ្តាប់ធ្នាប់ល្អ មានសោភ័ណភាព អនាម័យបរិស្ថានស្អាត ដោយមានការរៀចំខ្ចុះអង្គុយ ចំនួន ២៨៩ និងតូបចំនួន ៤០តូប សម្រាប់ចែកជូនពលរដ្ឋក្នុងភូមិលក់ដូរម្ហូបអាហារ នំចំណីនិងផ្លែឈើផ្សេងៗដែលប្រមូលពីចម្ការនៅក្នុងឃុំម៉ាក់ប្រាង្គ ពោលគឺស្អាតទាំងផ្នែកខាងលើគោក និងនៅក្នុងទឹកជ្រោះ។ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មសប្បាយរីករាយ និងពេញចិត្តចំពោះការរៀបចំរមណីយដ្ឋានទឹកឈូនេះ ហើយថាការរៀបចំសណ្តាប់ធ្នាប់បានល្អ ស្អាត និងទាកទាញជាងមុន។ ភ្ញៀវទេសចរដដែលបានបន្តថា ក្នុងរមណីដ្ឋានទឹកឈូគឺមានការរៀបចំបានល្អ ទាំងតូបលក់ដូរ ខ្ចុះអង្គុយលេង ហើយភ្ញៀវអាចយកម្ហូបអាហារមកហូបដោយខ្លួនឯងបាន ចំណែកឯតម្លៃលក់ដូរវិញគឺមានភាពសមរម្យ ដែលភ្ញៀវអាចទទួលយកបាន។
ចំណែកអាជីវករលក់ដូរផ្លែឈើតាមបណ្តោយផ្លូវទៅកាន់រមណីយដ្ឋានទឹកឈូ បានប្រាប់ឱ្យដឹងថា រមណីយដ្ឋានទឹកឈូបច្ចុប្បន្ននេះ គឺមានការរៀបចំបានល្អប្រសើរជាងមុន ហើយមានភ្ញៀវមកលេងកម្សាន្តច្រើន ដែលបានធ្វើឱ្យការលក់ដូរនំចំណី ម្ហូបអាហារ ពិសេសផ្លែឈើធម្មជាតិរបស់អ្នកភូមិដាច់ជាងមុន ពិសេសផ្លែទុរេន។ អាជីវករដដែលបានបន្តថា ដោយសារមានការរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងអនាម័យបរស្ថានស្អាតនេះហើយ ទើបធ្វើឱ្យមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយការលក់ដូរក៏លក់ដាច់ជាងមុនច្រើន។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកឈូបច្ចុប្បន្ន ក្រៅពីមានទេសភាពដើមឈើធំៗ មានទឹកសម្រាប់ងូតលេង និងផ្លែឈើធម្មជាតិដែលមានឱជារសឆ្ងាញ់ច្រើនប្រភេទហើយនោះ ក៏មានរមណីយដ្ឋាន ហាងកាហ្វេ និងរីសតស្អាតៗជាច្រើនកន្លែងនៅក្បែរនោះ សម្រាប់ឱ្យភ្ញៀវទេសចរមានជម្រើសច្រើនក្នុងការមកសម្រាកលម្ហែផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments