Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ពេលអនាគតការផ្ទេរកម្មសិទ្ធិ ឬទិញលក់អចលនទ្រព្យគឺស្ថិតនៅលើបាតដៃពលរដ្ឋ

ដើម្បីផ្តល់ភាពងាយស្រួល ក៏ដូចជាដើរឱ្យទាន់នូវសម័យបច្ចេកវិជ្ជាទំនើប ក្រសួងដែនដីបានរៀបចំបង្ខិតសេវាឱ្យទៅជិតបងប្អូនប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាទំនើបក្នុងទូរស័ព្ទដៃ ហើយនាពេលអនាគតពលរដ្ឋអាចធ្វើការផ្ទេរកម្មសិទ្ធិដីធ្លី ឬទិញលក់អចលនទ្រព្យរបស់ខ្លួនបានដោយខ្លួនឯង។ 

ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា នាពេលអនាគត ប្រជាពលរដ្ឋដែលបានបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ គឺអាចធ្វើការប្រគល់ធ្វើការប្រគល់ជូនដល់ ប្រពន្ធ ឬកូនដោយប្រើប្រាស់ទូរស័ព្ទដោយមិនចាំបាច់ទៅកាន់ច្រកចេញចូលតែមួយនោះទេ ហើយអ្វីៗដែលពលរដ្ឋចង់បានគឺស្ថិតនៅលើបាតដៃទាំងអស់ ការលើកឡើងដូចនេះក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ភូមិ ២ឃុំ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៥ភូមិ និង ៣ឃុំ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ការរៀបចំធ្វើឡើងដូចនេះគឺដើម្បីឱ្យការផ្តល់សេវារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលជាមុន ព្រោះទិន្នន័យក្បាលដីដែលចែកជូនទាំងអស់គឺស្ថិតប្រព័ន្ធបច្ចេកវិជ្ជាទំនើបដែលអាចប្រើប្រាស់ក្នុងទូរស័ព្ទដៃបាន។ ហើយថ្ងៃក្រោយក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទិញ លក់អចលនវត្ថុ ផ្ទះសំបែង ដីធ្លី ឬផ្ទេរកម្មសិទ្ធិទៅនរណាម្នាក់បានដោយងាយស្រួលបំផុត និយាយជារួមគឺការងារពាក់ព័ន្ធនឹងដីធ្លីគឺស្ថិតលើបាតដៃ។

ក្នុងពិធីនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដែរថា ការដែលយើងមានថ្ងៃនេះ ហើយបងប្អូនប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដូចនេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព ការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ថ្នាក់ដឹកនាំប្រទេស ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលលោកតែងតែដាក់ចុះនូវយន្តការជាច្រើន ដើម្បីពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានលឿនបំផុត ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លី។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជំនាញដែនដី ដែលបានខិតខំរួមសហការគ្នាក្នុងការរៀបចំចេញបណ្ណកម្មសិទ្ធិបានលទ្ធផលល្អប្រសើ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដី ខេត្តកំពត បានឱ្យដឹងថា ក្នុងថ្ងៃនេះបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុចំនួន ៥ភូមិ ដែលមានបណ្ណសរុបចំនួន ៨.៧៤៣បណ្ណ ស្មើនឹង ២.៩២១គ្រួសារ និងប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ១០.០១៣ក្បាលដី ស្មើនឹង ៦.៥៧១គ្រួសារ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments