Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលក្រុងកំពតចុះសួរសុខទុក្ខនិងផ្តល់អំណោយជូនជនភៀសសឹកជាង ១៦០គ្រួសារ

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក លាង រឿនសុធី អភិបាលក្រុងកំពត និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗប្រមាណជាង ១៦០គ្រួសារ ដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួននៅក្នុងក្រុងកំពត។

មានមតិសំណេះសំណាល់នៅក្នុងឱកាសនោះ លោកអភិបាលក្រុងបាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាករបស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និមានសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចកាល សម្តេចទាំងទ្វេ និងឯកឧត្តមអភិបាលខេត្ត តែងតែគិតគូរដល់សុខទុក្ខ តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនជនភៀសឹកដែលកំពុងភៀសខ្លួនមកកាន់ស្រុកកំណើត រស់នៅបណ្តុះអាសន្នជាមួយបងប្អូន និងក្រុមគ្រួសារ។ លោកអភិបាលក្រុងបានបន្តថា បច្ចុប្បន្នដោយសារស្ថានភាពនៃការឈ្លានពានរបស់ចោរសៀម ដែលចង់បានទឹកដីកម្ពុជា បានធ្វើឱ្យកំណើនរបស់បងប្អូនជនភៀសឹកមានការកើនឡើង ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ឱ្យអាជ្ញាធរមូលដ្ឋានក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូន ដោយមិនត្រូវទុកចោលទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពិសេសគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ឱ្យស្ថាប់ដោយគ្មានបាយហូបនោះទេ។

ជាមួយគ្នានេះដែរ លោក លាង រឿនសុធី ក៏បានលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក សូមឱ្យបន្តយកចិត្តទុកដាក់ ថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសូមកុំបារម្ភចំពោះបញ្ហាកន្លែងស្នាក់នៅ និងអាហារហូបចុក ព្រោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលផងនោះ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលបងប្អូន  ពិសេសចលនារួបរួមសាគ្គីរបស់ពលរដ្ឋខេត្តកំពត តាមរយៈការចូលរួមបរិច្ចាគជាស្បៀងអាហារ សម្ភារៈ និងថវិកាមានច្រើនសន្ធឹកសន្ធាប់ណាស់។ លោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋជនភៀសសឹក សូមជឿជាក់លើរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូ នឹងស្វែងរកសន្តិភាពមកជូនបងប្អូនវិញក្នុងពេលឆាប់ៗ  ពិសេសជឿជាក់លើវីរភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារដឹកដីយ៉ាងរឹងមាំនៅជួរមុខ ដោយមិនឱ្យចោរឈ្លានពានសៀមដណ្តើមយកបានសូម្បីតែមួយចំអាមនោះឡើយ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments