Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសមាគមនារីខេត្តកំពតចុះសួរសុខទុក្ខនិងផ្តល់អំណោយជូនជនភៀសសឹកនៅស្រុកឈូក


ដោយអនុវត្តតាមសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្នុងការរួបរួមកម្លាំងសាមគ្គីភាពជាតិខ្មែរតែមួយ ដើម្បីជួយឧបត្តម្ភគាំទ្រ ដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ជនភៀសសឹកនៅស្រុកឈូក។


ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ  ដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួននៅក្នុងស្រុកឈូក។


មានមតិសំណេះសំណាល់នៅក្នុងឱកាសនោះ លោកជំទាវបាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាករបស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខ និងជួយលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់បងប្អូនស្ត្រីនិងកុមារ។


លោកជំទាវប្រធានកិត្តិសយសាខាសមាគមនារីខេត្តកំពត បានលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក សូមឱ្យបន្តយកចិត្តទុកដាក់ ថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសូមកុំបារម្ភចំពោះបញ្ហាកន្លែងស្នាក់នៅ និងអាហារហូបចុក ព្រោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលផងនោះ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលបងប្អូន  ពិសេសចលនារួបរួមសាគ្គីរបស់ពលរដ្ឋខេត្តកំពត តាមរយៈការចូលរួមបរិច្ចាគជាស្បៀងអាហារ សម្ភារៈ និងថវិកាមានច្រើនសន្ធឹកសន្ធាប់ណាស់។ លោកជំទាវក៏បានស្នើដល់ពលរដ្ឋជនភៀសសឹក សូមជឿជាក់លើរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូ នឹងស្វែងរកសន្តិភាពមកជូនបងប្អូនវិញក្នុងពេលឆាប់ៗ  ពិសេសជឿជាក់លើវីរភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារដឹកដីយ៉ាងរឹងមាំនៅជួរមុខ ដោយមិនឱ្យចោរឈ្លានពានសៀមដណ្តើមយកបានសូម្បីតែមួយចំអាមនោះឡើយ។


ជាមួយគ្នានេះដែរ លោកជំទាវប្រធានកិត្តិសយសាខាសមាគមនារីខេត្តកំពត ក៏បានជំរុញឱ្យអាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាពបងប្អូនជនភៀសឹកទាំងអស់ ពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ចាស់ជរា និងកុមារ។ លោកជំទាវក៏បានបញ្ជាក់ដែរថា ប្រសិនបើបងប្អូនជនភៀសឹកទាំងអស់មានបញ្ហាសុខភាព សូមទៅទទួលសេវាថែទាំដោយមិនគិតប្រាក់គ្រប់ប៉ុស្តិសុខភាព និងមណ្ឌលសុខភាព។ ម្យ៉ាងទៀតចំពោះក្មួយៗភៀសឹកដែលត្រូវបន្តការសិក្សា អាជ្ញាធរត្រូវរៀបចំបញ្ជូនឱ្យចូលរៀននៅតាមសាលារៀនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា៕


អត្ថបទ៖​ មន្ទីរ​ព័ត៌មាន​ខេត្ត​កំពត,​ និង​រូបភាព​៖​ អាំង​ សំណាង​​












Post a Comment

0 Comments