Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋ​ភៀស​សិក​ជាង​ ៣០០គ្រួសារ​ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប ទទួល​បានអំណោយមនុស្សធម៌ពីសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ

ក្នុងស្មារតីខ្មែរជួយខ្មែរ​ ប្រជាពលរដ្ឋដែលរស់នៅសាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយមនុស្សធម៌ជូដល់ជនភៀសសិកជាង​ ៣០០គ្រួសារ​ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប​ តាមរយៈ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំសាធាណរដ្ឋកូរ៉េ។  កាយវិការដ៏មានតម្លៃនេះបានបញ្ជាក់ឱ្យឃេីញពីទឹកចិត្តសាមគ្គីភាព​ ខ្មែរស្រឡាញ់ខ្មែរ​ ខ្មែរជួយខ្មែរ​ ក្នុងគ្រាមានអាសន្ន​។ 

អំណោយ​មនុស្សធម៌របស់បងប្អូនសហគមន៍ខ្មែរកំពុងរស់ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ត្រូវ​បានប្រគល់​ជូន​គ្រួសារវីរកងទ័ព និង​ប្រជា​ជនភៀសសឹក ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាបចំនួន ៣៦៧គ្រួសារ តាមរយៈ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ដែលពិធីនេះធ្វើឡើងនៅព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ នៅ​វត្ត​ប្រាសាទ​បូ​ទុម​មោង ស្ថិត​ភូមិ​មោង ឃុំ​មោង​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិផងដែរ។

ក្នុង​ឱកាស​នេះ ឯកឧត្តម ឃួន ផុនរតនៈ បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុ​ក្ខពី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត រួម​ទាំង​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ភៀស​សឹក​មក​កាន់​តំបន់​នេះ ដោយសារ​កងទ័ព​ថៃឈ្លានពាន ដែលមកដល់ពេលនេះមិនទាន់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ឯកឧត្ដម ឯកអគ្គរាជទូត ក៏​បាន​សម្ដែង​ការ​សោកស្ដាយ ​ចំពោះ​ប្រជាពលរដ្ឋ​ខ្លះ ​ដែល​បាន​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ដោយសារ​ការ​ផ្លោង​គ្រាប់​ពី​យោធា​ថៃ។

ឯកឧត្ដមឯកអគ្គរាជទូត បានបន្តថា ក្រោយមានមានការឈ្លានពានពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជា ហើយធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជាប់ព្រំដែនបានភៀសសិកមករស់នៅតាមទីតាំងសុវត្ថិភាព រហូតមកដល់ពេលនេះក៏មានបងប្អូនខ្លះវិលត្រឡប់ទៅកាន់លំនៅឋានវិញ  ហើយបងប្អូនខ្លះក៏មិនទាន់បានវិលត្រឡប់ទៅវិញ ឃើញដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងសិក្សានៅសាធារណៈរដ្ឋកូរ៉េ បានរៀបចំជាមូលនិធិដើម្បីជួយដល់ជនភៀសសិក។ ឯកឧត្ដមឯកអគ្គរាជទូតបានបញ្ជាក់ថា អំណោយពេលនេះគឺបានមកដោយការបរិច្ចាគថវិការបស់បងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណៈរដ្ឋកូរ៉េ តាមលទ្ធភាពរៀងៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទំនុបបំរុងដល់បងប្អូនភៀសសិករបស់យើង។

ជាមួយគ្នានេះដែរ ឯកឧត្ដមឯកអគ្គរាជទូត ក៏បាន​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់ ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​នេះ រក្សា​អនាម័យ​ដោយ​ហូប​ស្អាត ផឹក​ស្អាត បើ​មាន​បញ្ហា​សុខភាព​សូម​រក​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​ជួយ​ដល់​បងប្អូន​នៅ​ទី​នេះ ពិសេស សូម​ថែរក្សា​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ ព្រោះ​ថ្នាក់ដឹកនាំ​យើង​នឹង​នៅ​ជាមួយ​បងប្អូន​ជា​និច្ច ។

អំណោយ​ដែល​ប្រគល់​ជូន​នៅ​ពេល​នេះ​រួមមាន៖ អង្ករ ២៥គីឡូក្រាម, តង់ខៀវ (៤x៦) ០១, ត្រីខកំប៉ុង ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងមីជាតិ ០១កេស ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង



















Post a Comment

0 Comments