ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ មានប្រវែង ២,០០០ម៉ែត្រ ស្ថិតនៅភូមិត្រាំសសរ ឈ្ពោះទៅកាន់ភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ។ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អបដំណើរដោយលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ មានប្រវែង ២,០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចញ្ចើមផ្លូវ ១ម៉ែត្រសងខាងផ្លូវ រួមនឹងសំណង់សិល្បការមានលូមូល និងលូជ្រងចំនួន ៧កន្លែង ដែលទទួលសាងសង់ដោយក្រុមហ៊ុន វិស្វកម្មសំណាង ខនស្រ្តាក់សិន ស្ថិតនៅភូមិត្រាំសសរ ឈ្ពោះទៅកាន់ភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណ ៣០០នាក់។មានមិតសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការបានមានប្រសាសន៍ថា ការសាងសង់ផ្លូវក្រាលកៅស៊ូ (DBST) នាពេលនេះ គឺធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក ដែលនៅរដូវវស្សាផ្លូវនេះមានជង្ហុក រអិល រីឯខែប្រាំងមានសភាពហុយ ដែលពិបាកក្នុងការធ្វើដំណើរសម្រាប់សិស្សានុសិស្សទៅសាលារៀន ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ក៏ដូចជាការធ្វើដំណើរប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ការសាងសង់ផ្លូវក្រាលកៅស៊ូ (DBST) នេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសក្រោយសាងសង់រួច ផ្លូវនេះនិងអាចជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ មិនមានការលំបាកដូចមុនទៀតទេ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្មើដល់ក្រុមហ៊ុន វិស្វកម្មសំណាង ខនស្រ្តាក់សិន ដែលទទួលការសាងសង់ផ្លូវក្រាលកៅស៊ូ (DBST)នេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនោះដែរឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នាកុំដឹកលើសទម្ងន់ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















0 Comments