នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករដែលប្រកបរបរលក់ដូរចល័តតាមម៉ូតូចំនួន ១៦រទេះ ដែលបានរៀបចំកែលម្អរទេះរបស់ខ្លួនឱ្យមានរចនាបថខ្មែរ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងកំពត។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញឱ្យខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ត្រូវខិតខំកែច្នៃ និងអភិវឌ្ឍន៍ដោយធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ជាក់ស្តែងខេត្តកំពតវិស័យទេសចរណ៍ត្រូវបានអភិវឌ្ឍន៍ និងកែលម្អជាបន្តបន្ទាប់ ពិសេសបានបង្កើតនូវសម្មិទ្ធិផលទេសចរណ៍ឯកថ្មីៗជាច្រើន ដែលកំពុងមានការទាក់ទាញខ្លាំង ហើយពលរដ្ឋក៏ទទួលបានចំណូលកាន់តែច្រើនពីវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្តក៏មិនភ្លេចគិតគូរអំពីការប្រកបរបររកស៊ីរបស់ពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយលក់ដូរចល័តតាមម៉ូតូ ដោយកន្លងមករដ្ឋបាលខេត្តបានរៀបចំ និងកែលម្អទីតាំងជាច្រើនកន្លែងក្នុងក្រុងកំពត ដើម្បីផ្តល់ទីតាំងសម្រាប់ការលក់ដូរជូន។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរចំពោះអាជីវករដែលធ្វើរទេះរួច និងលើកទឹកដល់អាជីវករផ្សេងទៀតដែលលក់ដូរចល័តតាមម៉ូតូទាំងអស់ក្នុងក្រុងកំពតហើយមិនទាន់បានរៀបចំ ត្រូវចូលរួមរៀបចំរទេះរបស់ខ្លួនឱ្យស្របតាមរចនាបថរបស់ខ្មែរដើម្បីបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរ ទៅកាន់ភ្ញៀវទេសចរបរទេស ហើយអាជីវករត្រូវលក់ដូរដោយភាពស្មោះត្រង់ និងរក្សាអនាម័យឱ្យបានស្អាតជាប់ជានិច្ចដើម្បីទាក់ទាញភ្ញៀវទេសចរ។តាមការឱ្យដឹងពីលោក លាង រឿនសុធី អភិបាលក្រុងកំពត បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អំពីការរៀបចំកែលម្អសោភ័ណភាពរទេះលក់ដូរចល័តឱ្យមានរចនាបថខ្មែរ អាជ្ញាធរក្រុងបានធ្វើការជូបជុំអាជីវករដែលលក់ដូរចល័តទាំងអស់ជាបន្តបន្ទាប់។ លោកអភិបាលក្រុងបានបន្តថា អាជីវករដែលលក់ដូរចល័តក្នុងក្រុងទាំងអស់គឺមកពី ៤សង្កាត់ រួមមាន៖ សង្កាត់កំពង់បាយ សង្កាត់កំពង់កណ្តាល សង្កាត់ក្រាំងអំពិល និងសង្កាត់អណ្តូងខ្មែរ ហើយក្រោយពីមានការណែនាំឱ្យមានការរៀបចំរទេះទៅតាមរចនាបថខ្មែរ អាជីវករបានដាក់ពាក្យស្នើសុំធ្វើរទេះបានចំនួន ៥៤រទេះ ហើយគិតមកដល់ពេលនេះអាជីវករបានធ្វើរួចរាល់មានចំនួន ១៦រទេះ៕
0 Comments