កាលពីរសៀលថ្ងៃទី១១ និងព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ បានដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមប្រារព្វពិធីបុណ្យវិសាខបូជានៅបរិវេណប្រាសាទដើមពោធិ៍ក្រុងកំពត ដោយមានរៀបចំការដង្ហែចេញពីប្រាទដើមពោធិ៍ ប្រទក្សិណជុំវិញរង្វង់មូលទុរេន រួចចូលមកប្រាសាទដើមពោធិ៍វិញ និងមានការនិមន្តព្រះសង្ឃទ្រង់បិណ្ឌបាត្រចំនួន ៥៦៩អង្គផងដែរ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ថាបុណ្យវិសាខបូជា គឺជាបុណ្យប្រពៃណីសាសនាដ៏សំខាន់មួយ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា។ ការធ្វើពិធីបុណ្យវិសាខបូជានេះ ជាការរំលឹកដល់ព្រះគុណ និងនក្ខត្តសម័យទាំង៣របស់ព្រះសម្មាសម្ពុទ្ធ គឺ ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន។ ហើយឱ្យតែដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែពិសាខ ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្រុងកំពត តែងតែរៀបចំពិធីបុណ្យវិសាខបូជានេះនៅព្រះសាទដើមពោធិ៍ ជារៀងរាល់ឆ្នាំ។ ដោយឡែកសម្រាប់ឆ្នាំ២០២៥នេះ ការរៀបចំមានភាពល្អប្រសើរ និងបានធំជាងឆ្នាំមុនៗ ដោយមានកិច្ចកម្មវិធីសាសនាច្រើន និងមានពុទ្ធបរិស័ទចូលរួមច្រើនកុះករចូលរួមប្រកបដោយចិត្តជ្រះថ្លា និងសេចក្តីគោរព ដល់គុណព្រះរត្នត្រ័យ មានគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ដែលបានណែនាំផ្លូវទៅរកសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត និងការអភិវឌ្ឍន៍ប្រកបដោយសេចក្តីសុខ និងសេចក្តីចម្រើន។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា វិស័យព្រះពុទ្ធសាសនា ត្រូវបានស្ដារឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយរហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងលើកកម្ពស់អភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ ក្នុងនោះសមិទ្ធផលនានាមានដូចជា វត្តអារាម សាលាពុទ្ធិកសិក្សាគ្រប់កម្រិត មជ្ឈមណ្ឌលវិបស្សនាអប់រំផ្លូវចិត្តជាដើម បានលេចចេញជាបន្តបន្ទាប់ ដើម្បីជួយទ្រទ្រង់ដល់ការអប់រំ គុណធម៌ និងលើកកម្ពស់សីលធម៌សង្គមឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា បុណ្យវិសាខបូជាធ្វើឡើងដើម្បីគោរពដឹងគុណ និងរំលឹកនូវនក្ខត្តសម័យទាំង៣របស់ព្រះសម្មាសម្ពុទ្ធ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ពិធីបុណ្យនេះក៍ត្រូវបានអង្គការសហប្រជាជាតិ (UN) ប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលគេអាចប្រារព្ធធ្វើបាននៅជុំវិញពិភពលោក៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments