ភូមិកំពង់សំរោងខាងត្បូងជាភូមិតូចមួយ ក្នុងចំណោមភូមិទាំង៣របស់ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែភូមិតូចមួយនេះ បានបណ្តុះក្រុមកីឡាបាល់ទាត់បានចំនួន៩ក្រុម នៅឆ្នាំ២០២៥នេះ។ ហើយក្រុមបាល់ទាត់ភូមិនេះ គឺជាម្ចាស់ពានជើងឯកមហាជនខេត្តកំពតឆ្នាំ២០២៤ផងដែរ។ គ្រូបង្វឹក និងកីឡាករថានឹងដឹកនាំយុវជន និងក្មេងជំនាន់ក្រោយលេងកីឡាឱ្យបានកាន់តែល្អ ខណៈសមាជិកក្រុមប្រឹក្សាស្រុកទឹកឈូថានឹងជួយគាំទ្របន្ថែមលើការងារនេះ។
នៅក្នុងការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកប្រចាំភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ គ្រូបង្វឹក និងកីឡាកររៀមច្បងក្នុងភូមិបានប្រាប់ឱ្យដឹងថា ដោយសារការស្រឡាញ់វិស័យកីឡាបាល់ទាត់ ស្រឡាញ់សុខភាព ចង់បង្កភាពសប្បាយរីករាយជុំគ្នា អ្នកភូមិកំពង់សំរោងខាងត្បូងទាំងចាស់ក្មេង បាននាំគ្នាលេងកីឡាបាល់ទាត់ ហើយជារៀងរាល់ឆ្នាំ តែងតែមានរៀបចំការប្រកួតជ្រើសរើសជើងឯកបាល់ទាត់ប្រចាំភូមិ សម្រាប់មនុស្សធំ និងកុមារ ដែលនៅឆ្នាំ២០២៥នេះ មានដល់ទៅ៩ក្រុម។សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ លោក អំ តារា បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋភូមិកំពង់សំរោងខាងត្បូង ដែលមានចិត្តស្រឡាញ់ គាំទ្រ និងនាំគ្នាលេងកីឡាបាល់ទាត់ ហើយបង្កើតឱ្យមានជាការប្រកួតជ្រើសរើសជើងឯកប្រចាំភូមិយ៉ាងសប្បាយរីករាយ និងផុសផុលយ៉ាងដូច្នេះ។ លោកបន្តថា សកម្មភាពនេះជាគំរូល្អមួយក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ដែលបណ្តាភូមិឯទៀត គួរតែយកតម្រាប់តាម ហើយលោកនឹងបន្តជួយគាំទ្រ លើកទឹកចិត្តបន្ថែមលើការងារនេះ។
គួររម្លឹកថា ទោះក្រុមកីឡាករបាល់ទាត់ឃុំកំពង់សំរោងមានច្រើន ហើយធ្លាប់ជាម្ចាស់ពានជើងឯកថ្នាក់ខេត្តក៏ពិតមែន ប៉ុន្តែមិនទាន់មានកីឡាករណាម្នាក់អាចអភិវឌ្ឍខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីពនៅឡើយនោះទេ ហើយថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរស្រុកទឹកឈូ លោកចង់ឃើញកីឡាករប្រឹងប្រែងដុះខាត់ទេពកោសល្យរបស់ខ្លួន ដើម្បីឈានជើងចូលទៅលេងឱ្យក្លិបបាល់ទាត់ល្បីៗរបស់ប្រទេសនាពេលខាងមុខ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments