Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរក្រុងកំពតរំពឹងថាវិថីអាហារនឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋហើយកាន់តែទាក់ទាញភ្ញៀវទេសចរ

វិថីអាហារដែលមានក្បូរក្បាច់រចនាជាចរនាបថខ្មែរ និងលេចចេញជារូបរាងនៅអំឡុងខែធ្នូខាងមុខ ដែលវិថីអាហារនេះនិងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋបន្ថែម ហើយកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន។ អាជ្ញាធរក្រុងកំពតរំពឹងថា កំណើនភ្ញៀវទេសចរនឹងមានការកើនឡើង ហើយការលក់ដូរកាន់តែដាច់ដោយសារតែការរៀបចំបានស្អាត និងទាក់ទាញជាងមុនខ្លាំង។


នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យបើកការដ្ឋានសាងសង់វិថីអាហារ និងសួរច្បារផ្សារចាប់ពីផ្សារក្រណាត់រហូតដល់សួនប្រាសាទដើមពោធិ៍ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ពិសេសក្រុមការងារសាងសង់ត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យការសាងសង់នេះមានភាពរលូន ហើយឈានទៅបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ខាងមុខ ដើម្បីជាកាដូរដល់អាជីវករដែលលក់ដូរលើវិថីអាហារនេះ ក៏ដូចជាបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះវិថីអាហារនេះ និងរំលេចឡើងនូវរចនាបថខ្មែរ និងការស្លៀកពាក់បែបប្រពៃណីខ្មែរ ក្នុងន័យដើម្បបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរទៅកាន់ភ្ញៀវទេសចរ។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឱ្យដឹងថា តាមការរំពឹងទុកការលក់ដូររបស់អាជីវករនិងមានលក្ខណៈល្អប្រសើរជាងមុនក្រោយពីវិថីអាហារនេះសាងសង់រួចរាល់ ដោយសារភូមិសាស្ត្រតំបន់នេះជាប់នឹងព្រែកកំពង់បាយ ហើយក៏ជាអតីតផ្សារមួយស្ថិតក្នុងតំបន់បេតិក្ខភណ្ឌក្នុងក្រុងកំពតផងដែរ។ លោកអភិបាលរក្រុងបានបន្តថា បច្ចុប្បន្ននេះ ខេត្តកំពត ក៏ដូចជាក្រុងកំពត ពីមួយថ្ងៃទៅមួយថ្ងៃកំណើនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សំគាល់ ហើយភ្ញៀវទេសចរភាគច្រើនតែងតែចូលមកលេងកម្សាន្តនៅក្នុងតំបន់នេះ ពិសេសភ្ញៀវទេសចរបរទេស ដោយសារតែវិថីអាហារគឺសំបូរទៅដោយអាហារចំរុះ មានទាំងម្ហូបខ្មែរ និងម្ហូបបរទេស។

លោកអភិបាលក្រុងក៏បានបន្ថែមថា វិថីអាហារនេះក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នឹងត្រូវសាងសង់ឡើងទៅតាមរចនាបថខ្មែរសុទ្ធសាធ ហើយអាជីវករគឺតម្រូវឱ្យមានការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ដើម្បីឱ្យមានភាពទាក់ទាញកាន់តែខ្លាំង ហើយក៏ដើម្បីបង្ហាញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរទៅកាន់កូនក្មួយជំនាន់ក្រោយ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តផងដែរ។ លោកអភិបាលក្រុងក៏បានស្នើដល់អាជីវករដែលលក់ដូរនៅក្នុងវិថីអាហារទាំងអស់ ត្រូវចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរក្រុង រក្សាអនាម័យបរិស្ថានឱ្យបានស្អាត ពិសេសលក់ដូរដោយភាពស្មោះត្រង់ដើម្បីរក្សាតម្លៃជាជនជាតិខ្មែរ។

សូមបញ្ជាក់ថា ការសាងសង់នេះគឺស្ថិតលើការចំណាយរបស់រដ្ឋបាលខេត្តកំពត ដោយអាជីវករទាំងអស់មិនតម្រូវឱ្យមានការបង់ប្រាក់សម្រាប់ការសាងសង់នោះឡើង យ៉ាងណាម៉ិញការបង់ប្រចាំខែក៏ឯកឧត្តមអភិបាលខេត្តមិនឱ្យមាននោះដែរសម្រាប់ម្ចាស់តូបដែលអាជ្ញាធរក្រុងកំពតបានធ្វើបច្ចុប្បន្នភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏លើកទឹកចិត្តឱ្យអាជីវករទាំងអស់រាយការណ៍ទៅកាន់ឯកឧត្តមផ្ទាល់ប្រសិនបើមានអ្នកដើរទារលុយ ឬតម្រូវឱ្យបង់លុយតូបប្រចាំខែ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង













Post a Comment

0 Comments