នៅក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ប្រជាពលរដ្ឋមកពីតាមបណ្ដារាជធានី-ខេត្តនានា បានមកលេងខេត្តកំពតយ៉ាងច្រើនកុះករ។ ពួកគាត់បានបង្ហាញអារម្មណ៍រំភើបរីករាយមដែលបានមកឃើញទេសភាព និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកំពត។ ខណ:ដែលមន្ត្រីជំនាញបានបញ្ជាក់ថានិន្នាការភ្ញៀវមកខេត្តកំពតច្រើន បន្ទប់ស្នាក់នៅពេញទាំងអស់តាំងពីពេលព្រឹក។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៥ ដែលថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថន រោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧២ យាងចូល៧៣ព្រះវស្សា គេសង្កេតឃើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីតាមបណ្ដារាជធានី-ខេត្តនានា បានសម្រុកមកលេងខេត្តកំពតយ៉ាងកុះករ បណ្ដាលឱ្យផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងមានភាពមមារញឹកយ៉ាងខ្លាំង និងមានការកក់ស្ទះជាអន្លើៗ តាំងពីព្រឹករហូតដល់យប់ ពិសេសនៅគល់ស្ពានថ្មថ្មី និងផ្លូវមាត់ព្រែកកំពង់បាយ ដែលទាមទារឱ្យមានការជួយរៀបចំសម្រួលចរាចរណ៍ពីកងកម្លាំងរបស់ស្នងការនគរបាលខេត្ត។ប្រជាពលរដ្ឋដែលមកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍រំភើបរីករាយដែលបានមកដើរលេងកម្សាន្តនៅខេត្តកំពត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ។ ពួកគាត់បានសរសើរអំពីការរៀបចំ និងការអភិវឌ្ឍន៍របស់ខេត្តកំពតថា មានភាពទាក់ទាញខ្លាំង ពិសេសថ្ងៃនេះមានភ្ញៀវច្រើនកុះករមកលេងកំសាន្ត ញ៉ាំងឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។ ពួកគាត់បានបន្តថា ខេត្តកកំពតពីមួយឆ្នាំទៅមួយឆ្នាំគឺមានការអភិវឌ្ឍរីកចម្រើន និងរហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមដងផ្លូវ និងសួនកម្សាន្តនានា ហើយអ្វីដែលទាក់ទាញខ្លាំងនោះគឺខេត្តមានសមិទ្ធផលទេសចរណ៍ឯកជាច្រើនដូចជា៖ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការខ្ពស់ជាងគេ និងសួនបាញ់ទឹករ៉េរាំតាមចង្វាក់ភ្លេងជាដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា និន្នាការលំហូរភ្ញៀវមកកាន់ខេត្តកំពតច្រើនកុះករ នៅក្នុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ។ ទិដ្ឋភាពជាទូទៅនៅក្នុងក្រុងកំពតមានសភាពអ៊ូអរ ពិសេសផ្លូវមាត់ព្រែកកំពង់បាយគឺមានភាពមមាញឹកខ្លាំង ខណៈដែលនៅចំណុចគល់ស្ពានថ្មីទាំងត្រើយខាងលិច និងត្រើយខាងកើតមានការកកស្ទះជាអន្លើៗតាំងពីព្រឹករហូតដល់យប់ ខណៈដែលសេវាជិះទូកកំសាន្តតាមដងព្រែកក៏មានសកម្មភាពមិនញញឹកផងដែរ។ លោកបានបញ្ជាក់ទៀតថា ចំពោះស្ថានភាពទូទៅនៅតាមតំបន់រមណីយដ្ឋានទូទាំងខេត្តកំពត មានភាពល្អប្រសើរ និងមានភ្ញៀវទៅកំសាន្តច្រើន ខណៈដែលសេវាស្នាក់នៅគ្រប់ប្រភេទពេញអស់តាំងពីពេលព្រឹក។ តែយ៉ាងណាក៏ដោយលោកថា មន្ត្រីជំនាញនៅមិនទាន់បានធ្វើការបូកសរុបទិន្នន័យភ្ញៀវរួចរាល់នៅឡើយទេ និងបានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ គេរំពឹងថានិន្នាការភ្ញៀវមកលេងខេត្តកំពត នឹងនៅតែបន្តមានការកើនឡើង និងមានភាពល្អប្រសើរដដែល៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments