Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ផ្លូវបេតុងថ្មីចូលទៅកាន់ចំណតទូកទេសចរណ៍ក្រុងកំពតនិងបន្ថែមការទាក់ទាញភ្ញៀវ ខណៈការស្ថាបនាសម្រេចបានរង្វង់ ៥០%

អាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ដើម្បីទាក់ទាញទេសចរ និងជួយលើកកម្ពស់ជីវភាពពលរដ្ឋ ក៏ដូចជាប្រតិបត្តិករទេសចរណ៍នៅខេត្តកំពត រដ្ឋបាលខេត្ត ក្រោមការដឹងនាំរបស់ លោក ម៉ៅ ធនិន បាននឹងកំពុងពន្លឿនការស្ថាបនាផ្លូវបេតុងថ្មី ១ខ្សែ ដែលមានប្រវែងជាង ១ពាន់ម៉ែត្រ ចូលទៅកាន់ចំណតទូកទេសចរណ៍ ដែលស្ថិតនៅចន្លោះពីស្ពានថ្មថ្មី ទៅស្ពានរថភ្លើង។ ការសាងសង់សម្រេចបានប្រមាណរង្វង់ ៥០%ហើយ ខណៈដែលពលរដ្ឋត្រេកអរយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីមួយនេះ។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា កន្លងមកដោយការគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនដែលជាម្ចាស់ទូកដឹកភ្ញៀវទេសចរកម្សាន្តតាមដងព្រែកកំពង់បាយ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្តូរទីតាំងចំណតទូក ពីត្រើយខាងលិច មកនៅត្រើយខាងកើតវិញ គឺនៅចន្លោះស្ពានថ្មថ្មី និងស្ពានរថភ្លើង ដោយបានរៀបចំជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយ ដើម្បីឱ្យភ្ញៀវមកជិះទូកច្រើន។ ប៉ុន្តែដោយសារផ្លូវចូលទៅចំណតទូកមិនទាន់ស្អាតសមរម្យ ទើបលោកអភិបាលខេត្ត លោកចាប់ផ្តើមស្ថាបនាជាផ្លូវបេតុងជូនបន្ថែមទៀត ដោយមានទទឹង ១២ម៉ែត្រ និងបណ្តោយ១ ០១០ម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរសម្រាប់ភ្ញៀវទេសចរផង និងដើម្បីឱ្យពលរដ្ឋម្ចាស់ទូក និងអ្នករស់នៅជាប់ផ្លូវអាចបង្កើតមុខរបស់បន្ថែមផង។ លោកអភិបាលក្រុងបានបញ្ជាកថា ការសាងសង់គិតមកដល់ថ្ងៃទី៨ ខែឧសភានេះ សម្រេចបានប្រមាណរង្វង់ ៥០%ហើយ ខណៈដែលមន្ត្រីបច្ចេកទេសថា យ៉ាងយូរ ២សប្តាហ៍ទៀត ផ្លូវបេតុងនេះនឹងស្ថាបនារួចរាល់ជាស្ថាពរ។

ម្ចាស់ទូកទេសចរណ៍ “ណាហ្គា” និងអាជីវករលក់កាហ្វេនៅខាងមុខចំណតទូកទេសចរណ៍ បានបង្ហាញសេចក្តីត្រេកអរយ៉ាងខ្លាំង និងរំពឹងថាក្រោយផ្លូវបេតុងថ្មីនេះសាងសាងរួច ភ្ញៀវទេសចរនឹងមកលេងកាន់តែច្រើន ហើយមុខរបររបស់ពួកគាត់នឹងកាន់តែល្អប្រសើរឡើងថែមទៀត។ ពួកគាត់បានបន្តថា ពីមុនមក តំបន់នេះគឺជាតំបន់ព្រៃ មានភក់ច្រើនដែលមិនអាចធ្វើដំណើរបាន ឬចូលមកលេងកម្សាន្តបាន តែក្រោយពីលោក ម៉ៅ ធនិន មកកាន់តំណែងជាអភិបាលខេត្ត លោកបានយកដីចំណីព្រែកទាំងអស់មកធ្វើការអភិវឌ្ឍ ហើយពួកគាត់ក៏មិននឹកស្មានថា ទីតាំងនេះក្លាយទៅជាឆ្នេរដ៏ស្រស់ស្អាត ហើយមានផ្លូវបេតុងដូចនេះទេ។

បើតាមការបញ្ជាក់របស់អាជ្ញាធរក្រុងកំពត ថាផ្លូវបេតុងមួយខ្សែនេះពិតជាមានសំខាន់ណាស់ សម្រាប់ជួយលើកកម្ពស់សោភ័ណភាពក្រុងកំពតផង បង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យមកជិះទូក និងអង្គុយលម្ហែកាន់តែច្រើនផង  ព្រោះឆ្នេរនៅទីតាំងនេះ អាចគយគន់ទេសភាពជួរភ្នំ និងមើលថ្ងៃលិចយ៉ាងស្រស់ស្អាត ពិសេសទឹកព្រែកថ្លាត្រជាក់ស្អាត អាចងូតលេងបាន។ ជាងនេះទៅទៀត ផ្លូវនេះភ្ជាប់កន្លែងកម្សាន្តតាមដងព្រែងកំពង់បាយពីផ្លូវរថភ្លើងរហូតដល់សួនច្បារសេះសមុទ្របាញ់ទឹកខាងមុខសាលាខេត្តតែម្តង៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments