ផ្លូវក្រាលកៅស៊ូមួយខ្សែដែលមានប្រវែង ១៤គីឡូម៉ែត ស្ថិតក្នុងស្រុកទឹកឈូ ចាប់ពីផ្លូវជាតិលេខ៣៣ ចំណុចផ្លូវបំបែកក្បាលរមាសរហូតដល់ព្រំប្រទល់ខេត្តកែប គឺជាផ្លូវមួយដ៏សំខាន់ក្នុងការបំរើដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ដោយផ្លូវមួយខ្សែនេះឆ្លងកាត់ឃុំចំនួន៣ ក្នុងនោះមានឃុំត្រពាំងសង្កែ ឃុំត្រពាំងព្រីង និងឃុំកូនសត្វ។
ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរដាំដំណាំកសិកម្ម អាជីវករលក់ដូរ បានសំដែងការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងក្រោយទទួលបានផ្លូវមួយខ្សែនេះ ព្រោះផ្លូវនេះបានធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរឡើង។ ប្រជាពលរដ្ឋបានបន្តថា ផ្លូវនេះបានផ្តល់ភាពងាយស្រួលក្នុងការលក់ដូរ ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្មរបស់ពួកគាត់ទៅកាន់ទីផ្សារ ពិសេសបានធ្វើឱ្យភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងស្រុកកាន់តែច្រើន ដោយសារមានផ្លូវស្អាត ហើយក៏បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ផ្លូវមួយខ្សែនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកទឹកឈូប៉ុណ្ណោះទេ គឺវាបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកែបផងដែរ ព្រោះផ្លូវនេះគឺជាផ្លូវភ្ជាប់រវាងអន្តរខេត្តទាំងពីរ។ ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកក៏បានធ្វើការស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីធ្វើការស្ថាបនាផ្លូវមួយខ្សែបន្ថែមទៀត ដែលមានប្រវែងប្រមាណជាង ៤គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញពីចំណុចទំនប់ឃុំកូនសត្វ រហូតដល់ក្លោងវត្តកំពង់នង់ ដោយមានការស្ថាបនាស្ពានដំរីផុងមួយផងដែរ ដែលសំណើរនេះក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចរួចរាល់ហើយ។
សូមបញ្ជាក់ថា ទីតាំងភូមិសាស្ត្រស្រុកទឹកឈូគឺមានអំណោយផល និងមានសក្តានុពលទាំងលើវិស័យទេសចរណ៍ និងវិស័យកសិកម្ម។ ហើយវិស័យទាំងពីនេះ គឺបានជួយគ្នាទៅវិញទៅមក និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ព្រោះប្រជាពលរដ្ឋក្នុងស្រុកភាគច្រើនបានប្រកបរបរដាំដំណាំកសិកម្ម ហើយស្រុកទឹកឈូ ក៏ជាស្រុកមួយដែលសំបូរទៅដោយតំបន់កសិទេសចរណ៍ដ៏ទាក់ទាញផងដែរ ហើយផ្លូវមួយខ្សែនេះក៏នឹងធ្វើឱ្យស្រុកមានកំណើនភ្ញៀវទេសចរមកលេងកម្សាន្តមានការកើនឡើងផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments