Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការប្រមូលផលទុរេនទឹកឈូឆ្នាំនេះល្អជាងឆ្នាំមុនខណៈដែលរសជាតិកាន់តែឈ្ងុយឆ្ងាញ់និងមានទីផ្សារល្អ

ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា រដូវកាលនេះគឺជារដូវប្រមូលផលទុរេនបានចូលមកដល់ ហើយសម្រាប់ទិន្នផលទុរេនឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ផ្លែក៏ពេញទឹកហើយធំល្អ រសជាតិក៏កាន់តែឈ្ងុយឆ្ងាញ់ ជាងទុរេននៅតំបន់ផ្សេងៗនៃខេត្តកំពត ខណៈដែលតម្លៃទីផ្សារក៏ប្រសើរ បន្ទាប់ពីអាជ្ញាធរស្រុក ក៏ដូចជាឃុំស្នើសុំឱ្យអាជីវករលក់តែទុរេនក្នុងខេត្ត និងក្នុងតំបន់របស់ខ្លួននោះ។

មេភូមិស្នំប្រាំពីរ អ្នកស្រី កែវ សុខុន បានឱ្យដឹងថា ជាទូទៅការប្រមូលផលទុរេនគឺចាប់ផ្តើមប្រមូលផលបណ្តើរៗពីពេលចូលឆ្នាំខ្មែរមក ហើយមកដល់ពេលនេះ ការប្រមូលផលកំពុងតែពេញបន្ទុកតែម្តង។ អ្នកស្រីបានបន្តថា ការប្រមូលផលទុរេនគិតមកដល់ពេលនេះបានប្រមាណ ៤០%ហើយ ចំណែកឯតំលៃលក់ចេញវិញចាប់ពី ២០.០០០រៀល ទៅ ២៣.០០០រៀលក្នុងមួយគីឡូក្រាម ទៅតាមប្រភេទពូជទុរេន។ អ្នកស្រីបានបន្ថែមទៀតថា ទុរេនកំពតមិនដែលមាននៅសល់នោះទេ ទោះបីជាការប្រមូលផលបានច្រើនគ្រប់ចម្ការក៏ដោយ។

កសិករដាំទុរេនក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូបានឱ្យដឹងដែរថា ដោយគ្រប់ចម្ការប្រមូលផលទុរេនគ្រប់ៗគ្នា ហើយទុរេនឆ្នាំនេះមានទិន្នផលខ្ពស់ជាងឆ្នាំមុន ចំណែកឯផ្លែក៏ធំ រសជាតិក៏កាន់តែឈ្ងុយឆ្ងាញ់ផងដែរ។ កសិករដាំទុរេនបានបន្តថា ការប្រមូលផលទុរេន គឺធ្វើឡើងរំលងមួយថ្ងៃពីគ្នា (ប្រមូលមួយថ្ងៃ ឈប់មួយថ្ងៃ) ហើយក្នុងមួយថ្ងៃអាចប្រមូលផលបាន ២០០ផ្លែ។

ចំណែកម្ចាស់ចម្ការ និងជាអាជីវករលក់ទុរេននៅតាមផ្លូវទៅកាន់រមណីយដ្ឋានទឹកឈូ ដែលមានយីហោ “តាន់ ម៉ាប់” បានបញ្ជាក់ថា គាត់លក់ទុរេនពេញមួយឆ្នាំតែម្តង គាត់មានអតិថិជនច្រើន ហើយភ្ញៀវទេសចរក៏មានភាពជឿជាក់ និងជួយគាំទ្រក្នុងការទិញទុរេនគាត់ហូបច្រើនដែរ ហើយមិនសូវសូញសាញ់រឿងតម្លៃទេ ព្រោះគាត់យកទុរេនមកលក់ចេញតែពីតំបន់ទឹកឈូ និងពីម្ចាស់ចម្ការផ្ទាល់។

ស្មៀនឃុំម៉ាក់ប្រាង្គ លោក ធាន លី  បានបញ្ជាក់ដែរថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ  អាជ្ញាធរឃុំតែងតែចុះទៅណែនាំដល់ប្រជាពលរដ្ឋដែលជាអ្នកដាំ អាជីវករ សូមឱ្យរក្សាភាពស្មោះត្រង់ កុំយកទុរេនពីប្រទេសជិតខាងមកបន្លំលក់ឱ្យភ្ញៀវ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិស័ព្ទរបស់ទុរេនកំពត ពិសេសអាជ្ញាធរតែងតែលើកទឹកចិត្តឱ្យអាជីវករនៅតាមផ្លូវទៅរមណីយដ្ឋានទឹកឈូ លក់តែទុរេនទឹកឈូបានហើយ។ លោកបានបញ្ជាក់ដែរថា ទុរេនទឹកឈូផ្លែធំល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេនៅក្នុងខេត្ត។ ទុរេនមានផ្លែពណ៌ប្រផេះ ភាគច្រើនដាំតាមតំបន់ជើងភ្នំ និងពណ៌ខៀវដាំ ភាគច្រើនដាំនៅតាមបន់ក្បែរមាត់ព្រែក ឬមាត់ជ្រោះ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments