ប្រជាកសិករដាំដំណាំទុរេននៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញក្តីសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីដំណាំទុរេនរាប់ហិកតាដែលមានបញ្ហាចង់ងាប់ដើម ត្រូវបានមន្ត្រីបច្ចេកទេសកសិកម្មឃុំរបស់ខ្លួនជួយសង្គ្រោះទាន់ពេលវេលា។ ពូកគាត់បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់មន្ត្រីមានជំនាញមានបទពិសោធន៍ច្បាស់លាស់ជួយដល់កសិករ។
ប្រជាកសិករដាំដំណាំទុរេននៅឃុំកូនសត្វ បានបញ្ជាក់ថា កន្លងមកពួកគាត់ដាំទុរេនមិនមានបច្ចេកទេសថែទាំត្រឹមត្រូវនោះទេ គឺជឿតាមបុគ្គលិកក្រុមហ៊ុនលក់ជី ហើយនៅពេលជួបបញ្ហាម្តងៗពិបាកចិត្តណាស់ ខំទៅទិញថ្នាំនេះ ទិញជីនោះ យកមកដាក់តាមតែគេប្រាប់។ ប៉ុន្តែរយៈពេលជាងមួយឆ្នាំនេះ បន្ទាប់ពីទទួលបានបច្ចេកទេស និងស្តាប់តាមការណែនាំរបស់មន្ត្រីកសិកម្មឃុំ ឃើញថាទុរេនចាប់ផ្តើមផ្តល់ផល និងមានសុខភាពល្អគួរឱ្យពេញចិត្ត ធ្វើឱ្យគាត់មានទំនុកចិត្តក្នុងការពង្រីកផ្ទៃដីដាំបន្ថែម ខណៈដែលទុរេនកំពតមានរសជាតិឆ្ងាញ់ និងតម្លៃល្អ អាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរ។មន្ត្រីបច្ចេកទេសកសិកម្មឃុំកូនសត្វ លោក ម៉ី ភារ៉ា បានបញ្ជាក់ថា មកដល់ពេលនេះ ចម្ការទុរេនដែលជួបបញ្ហាផ្សេងៗ រហូតចង់ងាប់ដើម ត្រូវបានជួយសង្គ្រោះ១០០%ហើយ។ លោកបានបញ្ជាក់ថា បញ្ហាដែលប្រជាកសិករបានជួបប្រទះកន្លងមកគឺការថែទាំ ព្រោះទុរេនគឺចែកចេញជាពីរចំពោះការថែទាំង ទី១.ការថែទាំដើមទុរេនតូច និងទី២.ការថែទាំដើមទុរេនដែលកំពុងមានផ្លែ។ លោកបានបន្តថា ការថែទាំដើមទុរេនមានផ្លែគឺមានការពិបាក ព្រោះត្រូវការប្រើបច្ចេកទេសក្នុងការថែ ដោយបច្ចុប្បន្នវាប្រឈមនិងការប្រែប្រួលអាកាសធាតុ ហើយការថែទាំគឺមានការផ្លាស់ប្តូរតាមលក្ខណជាក់ស្តែងតាមតំបន់ និងភូមិសាស្ត្រ។
មន្ត្រីបច្ចេកទេសកសិកម្មរូបនោះ ក៏បានបន្ថែមថា ជាផែនការយុទ្ធសាស្ត្ររបស់ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានណែនាំដល់អាជ្ញាធរឃុំ មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យខិតខំជំរុញវិស័យកសិកម្មធ្វើយ៉ាងណាឱ្យកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការរៀបចំជាបណ្តុំ ឬសហគមន៍ទាំងលើដំណាំបន្លែ និងដំណាំហូបផ្លែផ្សេងៗ ពិសេសទុរេនឃុំកូនសត្វតែម្តង ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅឃុំកូនសត្វ ដែលជាតំបន់កសិ-ទេសចរណ៍ ឱ្យកាន់តែច្រើនឡើង ខណៈដែលខេត្តកំពតកំពុងមានកំណើនភ្ញៀវទេចរកើនឡើងខ្ពស់៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments