RNK រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣
នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការងារអាទិភាពដែលត្រូវធ្វើក្នុងនាមជា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បន្តទៅមុខ គឺផ្ដោតជាសំខាន់ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត មានគុណភាព ។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីវៀតណាម ជួយបណ្តុះបណ្តាលជំនាញថ្មីៗទាក់ទងបច្ចេកវិទ្យាព័ត៌មាន និងផ្នែកបច្ចេកទេសប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដល់មន្រ្តីនៃក្រសួងព័ត៌មាន ព្រោះកម្ពុជា បាននិងកំពុងត្រៀមធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពីប្រពន្ធ័អាន់ណាឡូក ទៅឌីជីថល ។ ជាមួយនេះ ក៏ស្នើជួយរៀបចំបណ្ណាសារ ដើម្បីរក្សាទុកឯកសាររូបថត និងវីដេអូ សំខាន់ៗរបស់ជាតិឱ្យបានល្អគង់វង្ស ហើយងាយស្រួលក្នុងការស្វែងរក។
ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )ឯកអគ្គ រដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហរបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រំទំនាក់ទំនងជាមួយកម្ពុជា ពិសេសជាមួយក្រសួងព័ត៌មាន ឱ្យបានកាន់តែល្អបន្តទៅមុខទៀត ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសំដែងនូវការចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហការរវាង ប្រពន្ធ័ផ្សព្វផ្សាយវៀតណាម និងប្រពន្ធ័ផ្សព្វផ្សាយកម្ពុជា ពិសេសជាមួយក្រសួងព័ត៌មាន ដើម្បីជំរុញឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ កាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត ។ ឯកឧត្តម ង្វៀន ហ៊ុយតាំង ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ។
គួរជម្រាបថា ក្នុងជំនួបនេះ គឺបានផ្តោតជាសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដោយមិនត្រូវឱ្យព័ត៌មានក្លែងក្លាយនេះដឹកមុខយើងយូរនោះទេ នាំឱ្យកើតមានបញ្ហាកាន់តែច្រើន ធ្វើឱ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម៕
អត្ថបទដោយ៖ លោកស្រី ប៉ុង សុភាវី
0 Comments