Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ និស្សិតទាំងអស់ត្រូវយកចំណេះ​ដឹងទៅ​អនុវត្តឱ្យ​មាន​គុណភាព គុណធម៌ សីលធម៌ វិជ្ជាជីវៈ ដើម្បីរួម​ចំណែក​កសាង​និងអភិវឌ្ឍន៍ប្រទេសជាតិ

នៅព្រឹកថ្ងៃទី០១ ខែមេសាឆ្នាំ២០២៣ នាសាលសន្និសីទបូកគោ ខេត្តកំពត បានធ្វើពិធី ប្រគល់សញ្ញាបត្រនិស្សិតជ័យលាភីសម្រិត ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យអង្គរខេមរាសាខាខេត្តកំពត ចំនួន២៩០នាក់ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ រដ្ឋសភា នីតិកាលទី៦ នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ រដ្ឋសភានីតិកាលទី៦ នៃព្រះរាជាណាចក្រកម្ពុជា បានលើកបញ្ជាក់ថា កូនខ្មែរកើតក្នុងសម័យសន្តិភាពបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ពិតជាមានភ័ព្វសំណាង ដែលសម្ដេចតេជោតែងបានខិតខំយកចិត្តទុកដាក់ កសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំពេញផ្ទៃប្រទេស ធ្វើយ៉ាងឱ្យមានសាលារៀននៅជិតផ្ទះប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈដល់កូនចៅប្រជាពលរដ្ឋដើម្បីទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតក៏បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីក៏ដូចជាក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ដែលបានខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ និងការលះបង់ធនធានដើម្បីបំពេញការសិក្សារៀនសូត្ររបស់កូនចៅ រហូតទទួលបានលទ្ធផលនាពេលនេះ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៉ីម៉ន បានផ្ដាំផ្ញើលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍បង្កើនចំណេះដឹងបន្ថែមទៀតដើម្បីយកចំណេះដឹង និងជំនាញវិជ្ជាជីវៈទាំងអស់នោះ ទៅអនុវត្តនិងប្រកបការងារ ឱ្យត្រូវចំគោលដៅដែលសង្គមជាតិត្រូវការ  ព្រោះថាសញ្ញាបត្រ គ្រាន់តែជាក្រដាសមួយសន្លឹកបង្ហាញ និងបញ្ជាក់ថាយើងបានរៀនសូត្រនឹងបានបញ្ចប់កម្រិតការសិក្សាប៉ុណ្ណោះ។ ដូច្នេះបញ្ហាសំខាន់ សូមនិស្សិតទាំងអស់ត្រូវយកចំណេះដឹងទៅអនុវត្តប្រកបដោយគុណភាព គុណធម៌ សីលធម៌ វិជ្ជាជីវៈ ដើម្បីរួមចំណែក កសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនតទៅអនាគតបន្ថែមទៀត ។

យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត នូ ចាន់សុភី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរខេមរា បានធ្វើរបាយការណ៍ស្វាគមន៍ឱ្យដឹងថា សាកលវិទ្យាល័យអង្គរខេមរាសាខាខេត្តកំពត មាននិស្សិតកំពុងសិក្សាចំនួន ៩១៣នាក់ មាន(នារី ៥៩៤នាក់) ហើយរហូតមកដល់ពេលនេះ មាននិស្សិតបានប្រឡងបញ្ចប់ការសិក្សាសរុបចំនួន ២.០៦៨នាក់ មាន (នារី ១.១០៦នាក់) កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៧នាក់មាន(នារី ២នាក់) កម្រិតបរិញ្ញាបត្រចំនួន ១.៩៦៥នាក់មាន (នារី១.០៥៨នាក់) និងកម្រិតបរិញ្ញាបត្ររងចំនួន ៧៦នាក់មាន (នារី ៤៦នាក់)។ ជាក់ស្ដែងការប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នាពេលនេះមានចំនួន ២៩០នាក់មាន (នារី២០០នាក់) ក្នុងនោះកំរិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០នាក់ និងកំរិតបរិញាបត្រមានចំនួន ២៨០នាក់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments