Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតកោតសរសើរដល់បុគ្គលិក កម្មករ កម្មការនី​រោងចក្រ​ក្នុងខេត្ត​ដែល​បាន​ធ្វើជា​គំរូល្អ​តាម​រយៈ​បំពេញកិច្ចការងារ

ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនីរោងចក្រឃីមីហ្គាមែន និងរោងចក្រ JIA ដែលមានទីតាំងនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ និងបានចាប់ឆ្នោតផ្តល់រង្វាន់ដូចជា ឆ្នាំងដាំបាយអគ្គិសនី កង់ និងម៉ូតូផងដែរ។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់បុគ្គលិក កម្មករ កម្មការនីរោងចក្រទាំងអស់ ដែលបានធ្វើជាគំរូល្អតាមរយៈបំពេញកិច្ចការងារ គោរពតាមលក្ខខន្តិកៈការងារ និងបទបញ្ជាផ្ទៃក្នុងផ្សេងៗរបស់រោងចក្របានល្អនាពេលកន្លងមក។ ទន្ទឹមនឹងការកោតសរសើនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការស្នើដល់បុគ្គលិក និងកម្មករ កម្មការនីរោងចក្រទាំងអស់ បន្តរក្សាភាពល្អប្រសើរនេះតទៅទៀត ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកកាន់តែច្រើនបន្ថែមទៀត ដើម្បីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតមានឱកាសទទួលបានការងារកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាដល់បុគ្គលិក កម្មករ កម្មការនីរោងចក្រទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីគាំទ្រអ្នកដែលខិតខំស្វះស្វែងរកសន្តិភាព ផ្តល់ភាពសុខដុមរមនាជូនជាតិជូនប្រជាជនបន្តទៀត។

កម្មការនីទទួលបានរង្វាន់ និងមិនទទួលបានរង្វាន់ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ ជាក់ស្តែងការរៀបចំឱ្យមានកម្មវិធីចាប់ឆ្នោតផ្សងសំណាងយករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ ពិតជាធ្វើឱ្យពួកគាត់រំភើបរីករាយជាខ្លាំង។

ប្រធានមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ  លោក អ៊ឹង ប៉ូហេង បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បុគ្គលិក កម្មករ កម្មការនីនៅក្នុងខេត្តកំពត ទទួលបាននូវការការពារសិទ្ធិ និងការគាំពារផ្សេងៗស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកក៏មិនធ្លាប់ដែលមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះឡើយ។

សូមបញ្ជាក់ រង្វាន់ដែលធ្វើការចាប់ឆ្នោតផ្សងសំណងជូនដល់បុគ្គលិក កម្មករ កម្មការនី រោងចក្រនាពេលនេះរួមមាន៖ ឆ្នាំងដាំបាយអគ្គិសនីចំនួន ១០រង្វាន់ កង្ហាចំនួន ២៥រង្វាន់ កង់ចំនួន ១០រង្វាន់ និងម៉ូតូចំនួន ១៥រង្វាន់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments