Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃស្នើឱ្យសមត្ថកិច្ច និងអាជ្ញាធរ​ពង្រឹង​ការអនុវត្ត​គោល​នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្និសិទសាលាខេត្តកំពត ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា ទស្សនវិស័យ នៃគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព គឺសំដៅធ្វើឱ្យសហគមន៍មានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពល្អប្រសើរ រក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងមានអនាម័យ ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាប្រកបដោយគុណភាព តម្លាភាព រស់នៅប្រកបដោយសុវត្ថិភាព សុខភាព និងសុខដុមរម្យនា។ ហើយក្រសួងបានស្នើសុំរាជរដ្ឋាភិបាលពិនិត្យសម្រេចតម្លើងកម្រិតគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទៅជាគោលនយោបាយជាតិ ដែលកំណត់លក្ខណៈសម្បត្តិ៧ចំណុច ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែប្រសើរ ទាមទាឱ្យមានការចូលរួមពីអាជ្ញាធរ ស្ថាប័នសាធារណៈ វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋ អនុវត្តឱ្យបានកាន់តែសកម្ម ខណៈដែលក្រសួងមានសមត្ថិកិច្ចពាក់ព័ន្ធ ត្រូវបែងចែកការទទួលខុសត្រូវរៀងៗខ្លួន ដូចជាក្រសួងមហាផ្ទៃត្រូវទទួលខុសត្រូវក្នុងការដាក់ចេញផែនការសកម្មភាព សម្រាប់អនុវត្តលក្ខណៈសម្បត្តិទី២ ទី៣ និងទី៤  ដោយឡែក ក្រសួងពាក់ព័ន្ធការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលដែលជាលក្ខណៈសម្បត្តិទី១ ត្រូវរៀបចំចលនាប្រឡងប្រណាំងសេវាសាធារណៈដែលស្ថិតនៅក្រោមសមត្ថិកិច្ចទទួលខុសត្រូវរបស់ក្រសួងនីមួយៗ។ ចំពោះក្រសួងយុត្តិធម៌ ដឹកនាំការអនុវត្ត និងរៀបចំចលនាប្រឡងប្រណាំងពាក់ព័ន្ធនឹងការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដែលជាលក្ខណៈសម្បត្តិទី៥, ក្រសួងបរិស្ថានដឹកនាំការអនុវត្ត និងរៀបចំចលនាប្រឡងប្រណាំងពាក់ព័ន្ធបញ្ហាអនាម័យ សោភ័ណភាព បរិស្ថាន ដែលជាលក្ខណៈសម្បត្តិទី៦, ចំណែកក្រសួងសុខាភិបាល រួមទាំងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំអនុវត្ត និងរៀបចំលចនាប្រឡងប្រណាំងពាក់ព័ន្ធនឹងការឆ្លើយតបទាន់ពេលវេលា នូវគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវដែលជាលក្ខណៈសម្បត្តិទី៧។  

យោងតាមរបាយការណ៍នៃអង្គប្រជុំ ចលនាប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពឆ្នាំ២០២២ កម្ពុជាមានឃុំ-សង្កាត់ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ១.២៤២ឃុំសង្កាត់, លេខ២ មានចំនួន ៣៦៨ឃុំសង្កាត់, លេខ៣ មានចំនួន ៣៤ឃុំ-សង្កាត់ និងគ្មានចំណាត់ថ្នាក់មានចំនួន ៤ឃុំ-សង្គាត់ ដោយឡែកខេត្តកំពតមានឃុំ-សង្កាត់ ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ៨២ឃុំ-សង្កាត់ និងលេខ២ មានចំនួន ១១ឃុំ-សង្កាត់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments