Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតប្រារព្ធពិធីប្រកាសជាផ្លូវការទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី និងភ្ជាប់ជាមួយការហែរពានជ័យលាភី ទីក្រុងស្អាតរំដួល៣ទង លើកទី៣

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី និងភ្ជាប់នូវកម្មវិធី ហែរពានជ័យលាភី ទីក្រុងស្អាតរំដួល៣ទង លើកទី៣សម្រាប់ខេត្តកំពត ។ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលសន្និសិតបូកគោខេត្ត ក្រោមវត្តមានអធិបតីភាពពី សំណាក់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ត្រី តំណាងក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍  និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ប្រជាពលរដ្ឋនិងសិស្សានុសិស្សនិស្សិត ប្រកបដោយភាពអបអរក្រៃលែង។

ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្ត បានលើកបញ្ជាក់ថា ការប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី និងការហែរពានជ័យលាភី ទីក្រុងស្អាតផ្ការំដួល៣ទង លើកទី៣ សម្រាប់ទីក្រុងកំពត ពេលនេះគឺជាកិត្តិយសនិងដើម្បីពង្រឹងកិត្តិនាមក្នុងលើកកម្ពស់ មុខមាត់ ខេត្តកំពតឲ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀត។
 
ឯកឧត្តមអភិបាលខេត្ត បានបន្តលើកឡើងទៀតថា ការទទួលបានជ័យលាភី ពាក់ព័ន្ធ ការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់ទីក្រុងកំពត នាពេលនេះ មិនមែនបានមកដោយចៃដន្យនោះទេតែវាពិតជាកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយ ឆន្ទៈមុះមុត របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កិច្ចសហការល្អ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយ ការទទួលខុសត្រូវខ្ពស់របស់មន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុង ស្រុក ប្រតិបត្តិករក្នុងអាជីវកម្ម សេវាកម្មផ្សេងៗ បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ពន្ធ័នានា ក្នុងការជំរុញ និង រួមគ្នាធ្វើការអភិវឌ្ឍន៏ទីក្រុងកំពតផងដែរ ។
 
ឯកឧត្តមហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានលើកបញ្ជាក់ឱ្យដឹងផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន តែងបានអនុវត្តដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ឈរលើមូលដ្ឋានសំខាន់ស្របគ្នា គឺការបង្កើតឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ ។ ឈរលើមូលដ្ឋាននេះ ពាក់ព័ន្ធវិស័យទេសចរណ៍ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត បដិសណ្ឋារកិច្ចល្អ ដែលជាយុទ្ធសាស្ត្រ មួយដ៏សមស្របក្នុងការចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមាសបៃតងនិងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាតបៃតងនិងប្រកបដោយសុវត្ថិភាពខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បាន អំពាវនាវ ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក បំផុសឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូបតាមរយៈការពង្រឹងភាពជាម្ចាស់ នៅក្នុង ការអភិវឌ្ឍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

សូមបញ្ជាក់ថា ជ័យលាភីដែលខេត្តកំពតទទួលបាននិងធ្វើការប្រគល់ជូននាពេលនេះមាន៖
១-ក្រុងទេសចរណ៍គ្មានផ្សែងបារីទី១ នៅកម្ពុជា របស់សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្មេយ៍
២-ពានជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍
៣-វិញ្ញាបនបត្រទទួលស្គាល់ ក្រុងកំពត ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ និងពិធីនេះក៏បានដង្ហែពានផ្ការំដួល ៣ទង ដែលទទួលបានក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ " ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ" និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត





























Post a Comment

0 Comments