Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គម្រោងកែលម្អសួនច្បារតាមបណ្តោយមាត់ព្រែកកំពតមកទល់ពេលនេះសម្រេចបាន ៩៥ភាគរយហើយ

នៅសល់រយៈពេលតែ ៥៩ថ្ងៃទៀត ខេត្តកំពតនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការការប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយខេត្តកំពតបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការងារមួយនេះ។ ជាក់ស្តែងគម្រោងកែលម្អសោភាពសួនច្បារមាត់ព្រែកកំពត ចាប់ពីចន្លោះពីស្ពានឥន្ទធនូមកដល់ទីលានកីឡាលើទឹកដែលជាទីតាំងរៀបចំការប្រកួត សម្រេចការរៀបចំបាន៩៥%ហើយ។


មេការ និងជាអ្នកគ្រប់គ្រង់គម្រោងកែលម្អសោភ័ណ្ឌភាពសួនច្បារតាមបណ្តោយព្រែកកំពត លោក ងាំ ប៊ុនតេង បានប្រាប់ឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលកំណត់ឱ្យក្រុមការងារពន្លឿនក្នុងការកែលម្អសោភ័ណ្ឌភាពសួនច្បារតាមបណ្តោយមាត់ព្រែកនេះ ធ្វើយ៉ាងណាឱ្យហើយមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្រុមការងាររបស់លោកដែលមានកម្លាំងចំនួន ៩៥នាក់ បានប្រឹងប្រែងធ្វើការដោយពុំមានថ្ងៃឈប់សម្រាកនោះទេ។ ហើយជាលទ្ធផល គិតត្រឹមថ្ងៃនេះគម្រោងកែលម្អសួនច្បារនេះសម្រេចបាន ៩៥%ហើយ។


ជាប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពត កញ្ញា ដាវី បានបង្ហាញអំពីការយល់ឃើញរបស់ខ្លួនថា កញ្ញាពិតជារីករាយណាស់ ដែលអភិបាលខេត្តបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងមានសោភ័ណ្ឌភាពស្រស់ស្អាត។ កញ្ញាបានបន្ថែមថា បច្ចុប្បន្ននេះខេត្តកំពតមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ទាំងថ្ងៃបុណ្យទាន និងថ្ងៃចុងសប្តាហ៍ ហើយនេះក៏ដោយសារតែខេត្តកំពតមានការអភិវឌ្ឍច្រើន និងសំបូរកន្លែងកម្សាន្តផងដែរ។


ចំណែកឯលោក រតនា ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពត បានបង្ហាញការយល់ឃើញថា ខេត្តកំពតបច្ចុប្បន្ន មានផ្លូវល្អ មានឆ្នេរខ្សាច់ជាច្រើនកន្លែង ពិសេសសួនច្បារមាត់ព្រែក ដែលជាទីតាំងសំខាន់ ហើយត្រូវបានរៀបចំកែលម្អបានលឿនហើយស្អាត។ លោករំពឹងថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ភ្ញៀវទេសចរនិងមកលេងកម្សាន្តក្នុងខេត្តកំពតច្រើន ដោយសារតែឯកឧត្តមអភិបាលខេត្តបានបង្កើតឱ្យមានឆ្នេរខ្សាច់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរលេងកម្សាន្តជាច្រើនកន្លែង។


បើតាមការបញ្ជាក់របស់មេការទទួលគម្រោងកែលម្អសោភ័ណ្ឌភាពសួនច្បារក្នុងក្រុងកំពតបានឱ្យដឹងដែរថា បន្ទាប់ពីការរៀបចំសួនច្បារមាត់ព្រែករួចរាល់នៅក្នុងខែមីនានេះ ក្រុមការងាររបស់លោក នឹងបន្តរៀបចំសួនផ្សារក្រណាត់ និងសួនច្បារតំបន់រមណីយដ្ឋានស្រះឈូកបន្តទៀត៕

អត្ថបទ៖ AKP កំពត












Post a Comment

0 Comments