ក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន បានបញ្ជាក់ថា ក្រោយបញ្ចប់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៥ ឈានចូលឆ្នាំ២០២៦ កាលពីយប់មិញនេះ ក្រុមការងារសម្អាតអនាម័យបានប្រមូលសំរាមនៅក្នុងក្រុងកំពតប្រមាណជិត ៩០តោន។ ប៉ុន្តែគេសង្កេតឃើញថា ប្រជាពលរដ្ឋ និងភ្ញៀវមកពីទីជិតឆ្ងាយបានប្រកាន់ទម្លាប់ល្អ ដោយទុកដាក់សំរាមបានត្រឹមត្រូវ ដែលជាផ្នែកមួយជួយសម្រាលការលំបាកដល់កម្មករក្នុងការប្រមូល។
លោក សួន សុភ័ក្ត្រ ប្រធានក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន បានប្រាប់ឱ្យដឹងថា ក្នុងរាត្រីឆ្លងឆ្នាំសកល២០៥ ឈានចូល២០២៦ ដោយសារបរិមាណសំរាមមានកំណើនខ្ពស់ ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកម្មករទាំងផ្នែកបោស ប្រមូលសំរាម និងលាងសម្អាត សរុបចំនួន ៦៧នាក់ និងរថយន្តតូច-ធំចំនួន ៧គ្រឿង។ ដើម្បីធានាដ៏ភាពស្រស់ស្អាតរបស់ក្រុង ក្រុមការងាររបស់លោកបានចាប់ផ្តើមប្រមូល និងធ្វើការសម្អាត ក្រោយពេលភ្ញៀវចាកចេញអស់ពីកន្លែងប្រមូលផ្តុំ ដោយធ្វើយ៉ាងណាឱ្យជ្រះស្អាតមុនពេលភ្ញៀវធ្វើដំណើរឆ្លងកាត់នាព្រឹកព្រលឹម។ លោកប្រធានក្រុមហ៊ុនបានបន្តថា សំរាមដែលបានកើតឡើងក្នុងក្រុងកំពតតែមួយប់ឆ្លងឆ្នាំសកលនេះ មានប្រមាណរហូតដល់ជិត ៩០តោន។ទោះជាបែបនោះក្តី តាមការកត់សម្គាល់ជាក់ស្តែង ទាំងប្រជាពលរដ្ឋក្នុងក្រុង ទាំងភ្ញៀវមកពីទីជិតឆ្ងាយ គេសង្កេតឃើញថាមានការវេចខ្ចប់ និងទុកដាក់សំរាមបានល្អត្រឹមត្រូវ ដែលនេះជាផ្នែកមួយជួយដល់ក្រុមកម្មករក្នុងការប្រមូលសំរាមដាក់រថយន្តដើម្បីដឹកជញ្ជូនចេញ។ ក្នុងនាមក្រុមហ៊ុន លោកសូមថ្លែងអំណរគុណ និងអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជិតឆ្ងាយសូមបន្តប្រកាន់ខ្ជាប់នូវទម្លាប់ល្អនេះដើម្បីរក្សាភាពថ្លៃថ្នូរទាំងអស់គ្នា៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
























0 Comments