ពលរដ្ឋ និងភ្ញៀវទេសចរបានបញ្ជាក់ថា រាត្រីឆ្លងឆ្នាំ២០២៥ ចូល២០២៦ នៅខេត្តកំពត មានភ្ញៀវទេសចរ និងពលរដ្ឋមកលេងច្រើន ទោះបីជាមិនមានការរៀបចំកម្មវិធីកម្សាន្តសប្បាយ ដើម្បីអប់អរសាទរឆ្នាំថ្មី ឆ្នាំសកលក៏ដោយ។ ឥរិយាបថរបស់អ្នកចូលរួមឆ្លងឆ្នាំ មានលក្ខណៈជាការសម្រាកលម្ហែធម្មតា គ្មានការរាំងច្រៀង និងបាញ់កាំជ្រួចដូចធំដុំឆ្នាំមុនៗទេ ព្រោះពួកគាត់នៅបារម្ភ និងគិតគូរសុខទុក្ខរបស់ជនភៀសសឹក និងវីរកងទ័ពជួរមុខ ហើយប្រាថ្នាសូមឱ្យកម្ពុជានិងថៃមានសន្តិភាពជាមួយគ្នា។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានលើកឡើងថា រាល់ពេលបុណ្យទាន ពួកគេពិបាកបំភ្លេចខេត្តកំពតណាស់ ជាក់ស្តែងនៅក្នុងបរិបទបច្ចុប្បន្ន បើទោះជាយើងបានជួបរឿងលំបាកដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែឆ្លៀតដើម្បីបានមកដើរលម្ហែ និងឆ្លងឆ្នាំនៅខេត្តកំពតដែរ។ ទេសចរបានបញ្ជាក់ថា ការមកឆ្លងឆ្នាំនៅខេត្តកំពតឆ្នាំនេះ ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹងពីបញ្ហាព្រំដែន ពិសេសទិដ្ឋភាពទុក្ខលំបាករបស់កងទ័ពជួរមុខ និងបងប្អូនភៀសសឹក។ តែយ៉ាងណាក៏ដោយ បន្ទាប់ពីវីរកងទ័ពទាំង ១៨រូបរបស់កម្ពុជាត្រូវបានថៃដោះលែង តាមស្មារតីនៃកិច្ចប្រជុំ GBC ក៏ដូចជាបទឈប់បាញ់ បានធ្វើឱ្យពួកគាត់សប្បាយចិត្តមួយកម្រិតដែរ ហើយសង្ឃឹមថាទៅថ្ងៃមុខ កម្ពុជានិងថៃចាប់ដៃគ្នា សហការគ្នាស្តារចំណងមិត្តភាពទ្វេភាគីឱ្យល្អប្រសើរឡើងវិញ ហើយកម្ពុជាមានសន្តិភាពរាប់រយឆ្នាំតទៅមុខ។ ពួកគាត់បានបួងសួងសូមឱ្យបងប្អូនជនភៀសសឹក ពិសេសវីរកងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាព និងសុវត្ថិភាព ពិសេសឆាប់បានត្រឡប់វិលមកជួបក្រុមគ្រួសារវិញ។ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ភ្ញៀវទេសចរមកលេងខេត្តកំពតច្រើននៅយប់ឆ្លងឆ្នាំ២០២៥ ឈានចូល ២០២៦នេះ ប៉ុន្តែភ្ញៀវមកជាលក្ខណៈសម្រាកលម្ហែធម្មតាៗ ជួបជុំក្រុមគ្រួសារ មិនមានការចាក់ធុងបាសអឺងកង ឬបាញ់កាំជ្រួចអបអរដូចឆ្នាំមុនៗទេ ដោយសារតែអារម្មណ៍របស់ពួកគាត់នៅដិតដាមជាមួយសុខទុក្ខរបស់ជនភៀសសឹក និងវីរកងទ័ពកំពុងឈរជើងនៅជួរមុខនៅឡើយ។ លោកបានបញ្ជាក់ថា ទោះជារដ្ឋបាលខេត្តមិនមានរៀបចំកម្មវិធីកម្សាន្តសប្បាយក៏ដោយ ប៉ុន្តែភ្ញៀវទេសចរ និងពលរដ្ឋអាចមកជួបជុំ និងអង្គុយលម្ហែនៅតាមសួនច្បារ និងឆ្នេរកម្សាន្តដងព្រែកកំពង់បាយ មើលទេសភាព និងសមិទ្ធផលទេសចរណ៍ឯកជាច្រើនរបស់ខេត្តកំពតប្រកបដោយសុវត្ថិភាព សោភ័ណភាព បរិយាកាសស្រស់ស្រាយបំផុត ខណៈដែលសេវាកម្មទេសចរណ៍ផ្សេងៗរក្សាតម្លៃនៅដដែលដូចថ្ងៃធម្មតា៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត






















0 Comments