នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួនចំនួន ៩០៩គ្រួសារក្នុងស្រុកអង្គរជ័យ។
មានមតិសំណេះសំណាល់នៅក្នុងឱកាសនោះ លោកជំទាវបាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាករបស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខ និងជួយលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់បងប្អូនស្ត្រីនិងកុមារ។លោកជំទាវប្រធានកិត្តិសយសាខាសមាគមនារីខេត្តកំពត បានលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក សូមឱ្យបន្តយកចិត្តទុកដាក់ ថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសូមកុំបារម្ភចំពោះបញ្ហាកន្លែងស្នាក់នៅ និងអាហារហូបចុក ព្រោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន និងដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលផងនោះ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលបងប្អូន ពិសេសចលនារួបរួមសាគ្គីរបស់ពលរដ្ឋខេត្តកំពត តាមរយៈការចូលរួមបរិច្ចាគជាស្បៀងអាហារ សម្ភារៈ និងថវិកាមានច្រើនសន្ធឹកសន្ធាប់ណាស់។ លោកជំទាវបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្តិតរបស់ថ្នាក់ដឹកនាំ គឺសម្តេចតេជោធិបតី សម្តេចទាំងទ្វេរតែងតែគិតគូក្នុងការថែរក្សាសុខសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋជានិច្ច ហើយជាក់ស្តែងតាមគោលការណ៍ "ស្ងាត់តែមិននៅស្ងៀម" គឺយើងបានទទួលលទ្ធផលល្អសម្រាប់ថ្ងៃនេះ គឺការដោះលែងវីរកងទ័ពទាំង ១៨រូប មកកាន់មាតុភូមិរបស់យើងវិញ។
លោកជំទាវក៏បានស្នើដល់ពលរដ្ឋជនភៀសសឹក សូមជឿជាក់លើរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី ក្នុងការស្វែងរកសន្តិភាពមកជូនបងប្អូនជនរួមជាតិ ពិសេសជឿជាក់លើវីរភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាក្នុងការការពារបូរណៈភាពទឹកដី ការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង





















0 Comments