ក្នុងន័យដើម្បីលើកស្ទួយវិស័យទេសចរណ៍សាសនា អាជ្ញាធរខេត្តកំពតបានរៀបចំសាងសង់រោងអាសនៈ និងរូបសំណាកលោកតា ទ្វារ នៅចង្កេះភ្នំទ្វារបន្ទាប់ពីប្រាសាទមាសលោកជំទាវ ម៉ៅ ដែលនៅលើកំពូលភ្នំ។ ការអភិវឌ្ឍរៀបចំប្រាសាទ និងរូបសំណាកនេះគឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋចូលគោរពបូជា ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយអ្វីដែលសំខាន់នោះគឺអាចឱ្យភ្ញៀវទេសចរឡើងទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាគយគន់ទេសភាពក្រុងកំពតផងដែរ។
នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវ សមាជិកក្រុប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត បានរួមគ្នាប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់រោងអាសនៈ និងរូបសំណាកលោកតា “ទ្វារ” ដើម្បីទុកជាទីកន្លែងសក្ការបូជាសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលពិធីនេះធ្វើឡើងនៅចង្កេះភ្នំទ្វារ ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនា បានបញ្ចាក់ថា ការសាងសង់រោងអាសនៈ និងរូបសំណាកលោកតាទ្វារ នេះឡើងគឺដើម្បីទុកជាទីសក្ការបូជាសម្រាប់ប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរដែលជិះឆ្លងកាត់ផ្លូវជាតិលេខ៣មកកាន់ខេត្តកំពតបូងសួងសុំសេចក្តីសុខ។ លោកប្រធានមន្ទីរបានបន្តថា តាមជំនឿតៗគ្នា លោកតាទ្វា គឺជាបុគ្គលដែលមានបារមីខ្លាំងពូកែ និងជាអ្នកសច្ចាំងដែលបានតាំងសីលនៅតំបន់ភ្នំត្បែង។ ឈ្មោះ "ទ្វា" ត្រូវបានគេជឿថាមានទំនាក់ទំនងនឹងពាក្យ "ទ្វារ" ឬ ការយាមទ្វារ ច្រកចេញចូលនៃទីសក្ការៈបូជា ឬភ្នំសក្ការៈ។ អ្នកស្រុកតែងតែចាត់ទុកលោកតាថាជា ម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាព្រៃភ្នំ និងសត្វព្រៃក្នុងតំបន់ភ្នំត្បែង ដែលលោកតាត្រូវបានគេជឿថាមានមហិទ្ធិឫទ្ធិអាចជួយសង្គ្រោះមនុស្សម្នាដែលជួបការលំបាក ឬអ្នកដែលទៅបន់ស្រន់ដោយសេចក្តីថ្លៃថ្នូរ។
លោកប្រធានមន្ទីរក៏បានបញ្ជាក់ដែរថា រោងអាសនៈ និងរូបសំណាកលោកតាទ្វារ ដែលផ្តួចផ្តើមសាងសង់ដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ នៅចង្កេះភ្នំទ្វារបន្ទាប់ពីប្រាសាទមាសលោកជំទាវ ម៉ៅ នឹងមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ទីតាំងនេះទៅថ្ងៃអនាគតក៏នឹងក្លាយទៅជាទីតាំងទេសចរណ៍សាសនាដ៏ទាក់ទាញបន្ថែមទៀត ព្រោះទីតាំងនេះអំណោយផលលើវិស័យនេះ។ ទីតាំងនេះអាចឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរឡើងទៅបន់ស្រន់សុំសេចក្តីសុខផង និងស្រូបយកខ្យល់អាកាសបរិសុទ្ធ រួមជាមួយនឹងការទស្សនាទស្សនីយ៍ភាពក្រុងកំពតដ៏ស្រស់ស្អាតផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















0 Comments