ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ជឺន វិចិត្រ នាយការិយាល័យសេនានុព័ន្ធយោធាកម្ពុជា អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ តំណាងអោយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តកំពត បាននាំយកនូវថវិកាចំនួន ៤លានរៀល ដែលជាថវិកាទទួលបានពីការចូលរួមគ្នារបស់ បងប្អូនសហគមន៍ខ្មែររស់នៅប្រទេសកូរ៉េ និងមន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសារធារណរដ្ឋកូរ៉េ ដេីម្បីចូលរួមឧបត្ថម្ភដល់គ្រួសារ វីរៈកងទ័ព ចំនួន៤គ្រួសារ (១គ្រួសារ ១លានរៀល) និងចូលរួមគោរពវិញ្ញាណក្ខន្ធ សពវីរកងទ័ពដែលបានពលីនៅសមរភូមិមុខកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ចំនួន ៣រូប ដែលមានទីលំនៅក្នុងស្រុកជុំគិរី និងស្រុកឈូក ខេត្តកំពត។ វីរកងទ័ពទៃង ៤រូប រួមមាន៖ ១. លោកពលបាលឯក ង៉ែត ចាន់ថុល អាយុ ៣១ឆ្នាំ កងពល៣១ វរៈ៣១២ មានទីលំនៅ ភូមិធ្មារ ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត, ២. លោកព្រិន្ទបាលឯក មាស យ៉ា អាយុ៣៦ឆ្នាំ កងពល៣១ វរៈ៣១២ មានទីលំនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ទី៣. លោកអនុសេនីយ៍ឯក ម៉ៅ វិបុល មេបញ្ជាការរង កងពលតូចលេខ៣១ អាយុ ៥៦ឆ្នាំ មានទីលំនៅ ភូមិត្រពាំងជ្រៃ ឃុំាឈូក ស្រុកឈូក និងទី៤. លោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងរាំង ឃុំអង្គ.រមាស ស្រុកដងទង់ ខេត្តកំពត (ពលីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥)។
ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោក បានពាំនាំមកនូវការចូលរួមរំលែកមរណៈទុក្ខដ៌ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវស្មាមី កូន កូនប្រសារ ឱពុកដ៏ល្អ និងមានចិត្តក្លាហានមុះមុតក្នុងការការពារួឹកដីនិងប្រជាជន។ ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯកក៏បានសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលនេះជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ទាហានថៃ។ ហើយវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ពទាំងបី ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនេះ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។ទន្ទឹមនឹងនោះដែរ ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ថ្នាក់ដឹកនាំខេត្តកំពត និងក្រុមគ្រួសារវរៈកងទ័ពដែលបានពលី សូមអគុណយ៉ាងជ្រាលជ្រៅជូនដល់បងប្អូនពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅសាធារណរដ្ឋកូរ៉េ និងមន្ត្រីស្ថានឯកអគ្គរាជទូតទាំងអស់ ដែលបានចូលរួមនូវធនធានផ្ទាល់ខ្លួនដេីម្បីឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងជនភៀសសឹក នេះជាកំលាំងសាមគ្គីដ៏រឹងមាំបំផុតក្នុងន័យ ខ្មែរតែមួយ។ លោកវរសេនីយ៍ឯក ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកពលបាលឯក ង៉ែត ចាន់ថុល, កព្រិន្ទបាលឯក មាស យ៉ា លោកអនុសេនីយ៍ឯក ម៉ៅ វិបុល និងលោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង














0 Comments