Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់សង្គមកិច្ច៖ ការផ្សព្វផ្សាយចំហនូវថវិកាប្រចាំឆ្នាំជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចូលរួមពង្រឹងយន្តការត្រួតពិនិត្យថវិកា

ការបើកចំហថវិកាប្រចាំឆ្នាំតាមរយៈវេទិការផ្សព្វផ្សាយ ជាឱកាសមួយសម្រាប់បន្តកិច្ចសន្ទនារវាងក្រសួង អង្គការសង្គមស៊ីវិល អ្នកទទួលផល និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដំណើរការបើកចំហព័ត៌មានក្នុងគោលបំណងលើកកម្ពស់គណនេយ្យភាពក្នុងកិច្ចពង្រឹងយន្តការត្រួតពិនិត្យថវិកា។ នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ Citizen Budget និងថវិកាសង្ខេប Budget in Brief” នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំ ហ្គតថែម រីឡែក រីស៊ត ខេត្តកំពត។

ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការក្រសួងសង្គមកិច្ច និងជាក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈចាប់ពីឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមបទដ្ឋាន និងឧត្តមានុវត្តជាអន្តរជាតិ។ កម្មវិធីដែលដាក់ឱ្យអនុវត្តក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកា និងការគ្រប់គ្រងផ្អែកលើធាតុចូលទៅជាការគ្រប់គ្រងផ្តោតលើលទ្ធផល ហើយសម្រេចបាននូវការអនុវត្តថវិកាសមិទ្ធកម្មកាលពីឆ្នាំ២០២០។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ការគ្រប់គ្រងផ្អែកលើលទ្ធផលផ្សាភ្ជាប់ថវិកាទៅនឹងអាទិភាពគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រវិស័យ ពោលគឺប្រែក្លាយថវិកាទៅជា “ឧបករណ៍គោលនយោបាយ” ដោយពិតប្រាកដផ្តោតការតាមដាន និងវាយតម្លៃលើការសម្រេចបានលទ្ធផល ឬសមិទ្ធកម្មដែលជាការពង្រឹងគុណភាព ព្រមទាំងពង្រីកវិសាលភាពនៃការគ្របដណ្តប់សេវាសាធារណៈ។ ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរួមបញ្ចូលការលើកកម្ពស់តម្លាភាពថវិកាក្នុងចំណោមគោលបំណង និងផែនការសកម្មភាពរួម។

ឯកឧត្តម ប្រាក់ សុខយូរ បានបញ្ជាក់ថា ថវិកាប្រជាពលរដ្ឋត្រូវផលិតក្រោមអនុគោលដៅនៃការរៀបចំវេទិកាសាធារណៈស្តីពីក្របខ័ណ្ឌសារពើពន្ធរយៈពេលមធ្យម ព្រមទាំងថវិកាប្រចាំឆ្នាំដើម្បីបង្កើនការចូលរួម និងទទួលបានព័ត៌មានពីសាធារណជន។ ការបើកចំហថវិកា (Open Budget) ដែលបានដាក់ឱ្យអនុវត្តជាឧបករណ៍ឯករាជ្យមួយ ដោយអាចប្រៀបធៀបបាន និងផ្អែកលើការពិតដែលបានប្រើប្រាស់សម្រាប់វិនិច្ឆ័យ ហើយទទួលស្គាល់ជាអន្តរជាតិដើម្បីវាយតម្លៃលើការចូលរួមពីសាធារណជនចំពោះព័ត៌មានថវិការបស់រាជរដ្ឋាភិបាល។ មានន័យថា ការបើកចំហថវិកាប្រចាំឆ្នាំតាមរយៈវេទិការផ្សព្វផ្សាយ ជាឱកាសមួយសម្រាប់បន្តកិច្ចសន្ទនារវាងក្រសួង អង្គការសង្គមស៊ីវិល អ្នកទទួលផល និងភាគីពាក់ព័ន្ធដើម្បីចូលរួមកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដំណើរការបើកចំហព័ត៌មានបំណងលើកកម្ពស់គណនេយ្យភាពក្នុងកិច្ចពង្រឹងយន្តការត្រួតពិនិត្យថវិកា៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments