នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍ និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
ក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ធនិន ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ព្រមទាំងមានការតែងតាំងអនុប្រធាន និងសមាជិក-សមាជិកាជាច្រើនរូប។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្ត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់បងប្អូនជាសមាជិក អតីតយុទ្ធជន និងនិវត្តជន ជាពិសេសចូលរួមយ៉ាងខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្តនយោបាយនានា ពាក់ព័ន្ធនឹងការគាំពារដល់អតីតយុទ្ធជន និងនិវត្តជន៍។មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម គន់ គីម បានមានប្រសាសន៍ថា បន្ទាប់ពីពិធីប្រកាស និងប្រគល់ភារកិច្ចដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំសមាគមខេត្តត្រូវរៀបចំបែងចែកតួនាទី និងការទទួលខុសត្រូវជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង-ស្រុក និងឃុំ-សង្កាត់ ដើម្បីមានរចនាសម្ព័ន្ធមួយដ៏រឹងមាំ។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ថា ការរៀបចំបែងចែងតួនាទី ភារកិច្ច ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានឃុំ-សង្កាត់ ក្នុងគោលបំណងពង្រឹងដល់ការសម្របសម្រួល និងដោះស្រាយរាល់តម្រូវការជូនអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបានប្រសិទ្ធភាព និងទាន់ពេលវេលានៅទូទាំងប្រទេស។
ឯកឧត្តម អគ្គលេខាធិការ ក៏បានរម្លឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យគិតគូរដល់អតីតយុទ្ធជន និងនិវត្តន៍ជនដូចគ្នា ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកធ្វើពលិកម្ម និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា ហើយថែមទាំងជាកម្លាំងសាមគ្គីដែលបានរួមចំណែកការពារជាតិ ស្ថាបនាជាតិ និងអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមបានបន្តថា ក្នុងនាមសេនាធិការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ឯកឧត្តមសូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ទូទាំងខេត្ត ត្រូវពិនិត្យឱ្យបានហ្មត់ចត់ចំពោះការដាក់ពាក្យស្នើសុំដី និងផ្ទះ ដោយថ្នាក់ដឹកនាំសមាគមខេត្តត្រូវរៀបចំក្រុមការងារចុះពិនិត្យវាយតម្លៃទៅដល់ឃុំដោយផ្ទាល់ ហើយកសាងឯកសារបញ្ជូនមកថ្នាក់កណ្តាល ដើម្បីសម្រេច និងចាត់ចែងជូនអតីតយុទ្ធជន និងនិវត្តជនរូបណាដែលខ្វះខាតពិតប្រាកដ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















0 Comments