Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំក្រសួងដែនដីលើកទឹកចិត្តមន្ត្រីជំនាញឲ្យបន្តខិតខំផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញបន្តខិតខំកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដើម្បីផ្តល់សេវាឱ្យមានប្រសិទ្ធភាព លឿនរហ័ស និងជឿទុកចិត្តបាន ពិសេសការងារចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ មានតម្លាភាព និងសមធម៌។

ថ្លែងនៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ដែលបានធ្វើឡើងនៅសាលសន្និសិទបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥  ឯកឧត្តម ហ៊ុន កុសល អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការងារវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការងារអាទិភាព និងជាសមរភូមិស្រួចរបស់ក្រសួង។ ការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញសេដ្ឋកិច្ចគ្រួសារពលរដ្ឋ។ លោកលើកទឹកចិត្តមន្ត្រីជំនាញឱ្យបន្តខិតខំពង្រឹងការងារផ្តល់សេវាទាន់ចិត្ត ឬសេវាសាធារណៈទំនើប ឱ្យកាន់តែប្រសិទ្ធភាព លឿងរហ័ស និងជឿទុកចិត្តបាន។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោក ព្រាប សុផាត បានបញ្ជាក់ឱ្យដឹងថា មន្ទីរបានផ្តោតការយកចិត្តទុកដាក់លើការងារស្នូលចំនួន៥គឺ÷ ១.ការងាររដ្ឋបាល ២.ការងារដីធ្លី ៣.ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ៤.ការងារសំណង់ និងទី៥. ការងារលំនៅឋាន និងការងារសម្បទានដីសង្គមកិច្ច។ លោកបានបន្តថា កន្លងមកដោយអនុវត្តន៍តាមគោលនយោបាយដីធ្លី ដែលបានដាក់ចេញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ការចុះវាស់វែងចុះបញ្ជីបានប្រមាណជាង ៧៦ម៉ឺនក្បាលដី ដែលស្មើនឹងជាង ៩៩ភាគរយ លើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីក្នុងខេត្តកំពត  ហើយបានចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានប្រមាណជាង ៦៥ម៉ឺនក្បាលដី និងចែកបណ្ណដល់ដៃពលរដ្ឋជាង ៦០ម៉ឺនក្បាលដី។

ឯកឧត្ដម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង និងយកចិត្តទុកដាក់របស់ លោកប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទទាំងអស់ ក្នុងការអនុវត្តការងារលើវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងលំនៅឋាន ដើម្បីធ្វើឱ្យវិស័យនេះទទួលបានលទ្ធផលល្អប្រសើរ និងធានាបានទាំងបរិមាណ គុណភាព និងប្រសិទ្ធភាព។ លោកបានលើកទឹកចិត្ត ដល់មន្ត្រីរៀបចំដែនដីទាំងអស់ បន្តខិតខំធ្វើយ៉ាងណាឱ្យការផ្តល់សេវាផ្សេងៗកាន់តែទំនើប លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments