អភិបាលខេត្តកំពតបានក្រើនរំលឹក ក៏ដូចជាជុំរុញដល់មន្ត្រីរាជការដែលទើបទទួលការតែងតាំងថ្មីគ្រប់មុខតំណែងទាំងអស់ក្នុងរដ្ឋបាលខេត្ត ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវមានគុណធម៌ក្នុងការបំពេញការងារ ស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យរីកចម្រើនទៅមុខ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត តាមបណ្តាមន្ទីរ និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា អ្នកដែលត្រូវប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺជាអ្នកដែលមានសមត្ថភាពហើយទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំខេត្ត ដោយប្រគល់តួនាទីភារកិច្ចជូនតាមជំនាញរៀងៗខ្លួន។ ឯកឧត្តមអភិបាលខេត្តបានបន្ត ការទទួលបានតួនាទីនេះគឺជាការទទួលនូវអំរែក និងបន្ទុកច្រើនជាងមុនដែលត្រូវអនុវត្តន៍ ហើយអ្វីដែលយើងត្រូវធ្វើនោះ គឺការបំពេញតួនាទីភារកិច្ចប្រកបដោយគុណធម៌ ដែលគុណធម៌នោះគឺជាសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត ការសណ្តោសប្រណីចំពោះអ្នកក្រោមឱវាទ ពិសេសប្រជាពលរដ្ឋ ហើយត្រូវជួយយកអាសារគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់។ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានគូសបញ្ជាក់ដែរថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអភិវឌ្ឍប្រទេស ការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋត្រូវបានគិតគូរជានិច្ច ពិសេសកន្លងទៅថ្មីៗនេះ សម្តេចក៏បានខិតខំអត់ធ្មុតក្នុងការបញ្ចប់ការឈ្លានពានពីប្រទេសថៃមកលើកម្ពុជាដោយសន្តិវិធី ព្រមទាំងទទួលបានជោគជ័យជាផ្លែផ្កា។ ដូច្នេះក្នុងនាមយើងទាំងអស់គ្នាជាប្រជាពលរដ្ឋកម្ពុជា ជាមន្ត្រីរាជការដែលមានតួនាទីបំរើពលរដ្ឋ និងជាអ្នកត្រូវចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយថ្នាក់ដឹកនាំប្រទេស យើងត្រូវយល់ដឹងឱ្យបានច្បាស់ពីច្បាប់នានាក្នុងការផ្តល់សេវាជូនពលរដ្ឋ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបំរើពលរដ្ឋទៅតាមជំនាញវិជ្ជាជីវៈប្រកបដោយសេចក្តីថ្លៃថ្នូរ កុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ពិសេសត្រូវមានចរិតជាតិនិយមដោយត្រូវដឹងថា យើងមកពីណា ហើយត្រូវធ្វើអ្វី ដើម្បីតបស្នងសងគុណដល់ទឹកដីកំណើត និងអ្នកដែលស្វែងរកសុខសន្តិភាពជូនជាតិជូនប្រជាជន។
លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពត បានឱ្យដឹងថា ការប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត តាមបណ្តាមន្ទីរ និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តកំពតនាពេលនេះមានមន្ត្រីរាជការចំនួន ៥៦នាក់ ក្នុងនោះស្រី ១១នាក់ មានមន្ទីរ-អង្គភាពចំនួន៦ រួមមាន៖ សាលាខេត្តកំពត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរអប់រំយុវជន និងកីឡា, មន្ទីរបរិស្ថាន, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, និងមន្ទីររ៉ែ និងថាមពល និងក្រុង-ស្រុកចំនួន៣រួមមាន៖ រដ្ឋបាលក្រុងកំពត, រដ្ឋបាលស្រុកទឹកឈូ និងរដ្ឋបាលស្រុកជុំគិរី៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង





















0 Comments