ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ជាសមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានលើកយកឯកសារ និងសៀវភៅប្រវត្តិសាស្ត្រមួយចំនួនមកបង្ហាញអំពីយុទ្ធសាស្ត្រ ផ្នត់គំនិត និងការប្តេជ្ញារបស់ថៃ ក្នុងការចិញ្ចឹមចិត្តឈ្លានពានដណ្តើមយកទឹកដី និងប្រាសាទពីកម្ពជា។ ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់យុវជន សិស្សនិស្សិត ត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវប្រវត្តិសាស្ត្រ រួបរួមសាមគ្គីគ្នា រាវរកដំណោះស្រាយត្រៀមការពារដឹកដីឱ្យនៅគង់វង្សរហូតទៅ។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ជាសមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានធ្វើបាឋកថា ស្តីពីសង្គ្រាមពាណិជ្ជកម្ម និងជាតិនិយមក្នុងទំនាក់ទំនងកម្ពុជា-ថៃ លទ្ធិជាតិនិយមថៃ/សៀម ជាមួយនឹងកម្ពុជា ករណីសិក្សាអំពីប្រាសាទព្រះវិហារ ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យអង្គរខេមរាខេត្តកំពត នៅសាលសន្និសិទបូកគោ ខេត្តកំពត។
នៅក្នុងបាឋកថានោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកយកសៀវភៅប្រវត្តិសាស្ត្រមួយចំនួន និងឯកសារស្រាវជ្រាវរបស់សាស្ត្រាចារ្យ ផួងថង ភវគភ័ណ (Puangthong Pawakapan) នៃមហាវិទ្យាល័យធម្មសាស្ត្រ ក្រុងបាងកក ដើម្បីមកធ្វើជាតឹកតាងបញ្ជាក់អំពីយុទ្ធសាស្ត្រសង្គ្រាមពាណិជ្ជកម្ម និងជាតិនិយមក្នុងទំនាក់ទំនងកម្ពុជា-ថៃ។ និយាយមួយបែបទៀតវាគឺជាបណ្ដុំឯកសារយុទ្ធសាស្ត្រនានាដែលមានអាយុកាលជាងពីររយឆ្នាំ ឬក៏អាចថា ៩៥ឆ្នាំ (១៩៣០ដល់បច្ចុប្បន្ន) ដែលឆ្លុះបញ្ចាំងពីខាងក្រោយរូបភាពនៃការប្រឈម ជាពិសេសមូលហេតុនៅពីក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។ មិនតែប៉ុណ្ណោះឯកសារនេះ ថែមទាំងជួយឱ្យយើងដឹងដែរថា ថៃបានគិត និងបានវាយតម្លៃមកលើខ្មែរយ៉ាងដូចម្តេច? ចង់បានអ្វីខ្លះពីខ្មែរទៅ? ហើយគេប្រើយុទ្ធសាស្ត្រទាំងបួនតាមវិធីណា?។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានណែនាំដល់យុវជន សិស្ស និស្សិត ត្រូវចង់ចាំបណ្តាំរបស់ដូនតា និងអ្នកប្រាជ្ញារបស់ខ្មែរតាមរយៈការសួរខ្លួនឯងថា ហេតុអ្វីបានជាពាក្យ “ខ្មែរ” ត្រូវសរសេរមានព្យញ្ជនៈ “រ”?។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរខេមរា ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកធ្វើបាឋកថា ផ្តល់នូវគតិ ចំណេះដឹង ពិសេសចំណុចគន្លឹះល្អៗជាច្រើនជូនដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យអង្គរខេមរាខេត្តកំពត ដែលបានចូលរួមស្តាប់ក្នុងការធ្វើបាឋកថារបស់ឯកឧត្តមបណ្ឌិតសរុបចំនួន ១ ១០០នាក់ ហើយក៏ចំថ្ងៃគម្រប់ខួបទី ១៨ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអង្គរខេមរាផងដែរ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យអង្គរខេមរាខេត្តកំពត មានសិស្ស-និស្សិត ចូលមកសិក្សា១៧ជំនាន់រួចមកហើយ សរុបសិស្សចំនួន ៤ ៤៦៣នាក់ ស្រី ២ ៤៦៤នាក់។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦១នាក់ បរិញ្ញាបត្រចំនួន ៤ ២៥២នាក់ និងបរិញ្ញាបត្ររងចំនួន ១៥០នាក់ ខណៈដែលជំនាន់ទី១៨ (២០២៥- ២០២៦) បាននិងកំពុងទទួលពាក្យចុះឈ្មោះលើកទី១ បានចំនួនសិស្ស ៣៥០នាក់៕
0 Comments