អ្នកតំណាងរាស្ត្រ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថាមានតែចំណេះវិជ្ជាមួយមុខគត់ ដែលអាចជួយស្រោចស្រង់ កសាងប្រទេសជាតិមានតុភូមិ ឲ្យនៅស្ថិតស្ថេរ គង់វង្ស និងរុងរឿងតជំនាន់។ ឯកឧត្តមបានលើកទឹកចិត្ត ដល់សិស្សពូកែឲ្យខិតខំបន្ត ចំណែកសិស្សមិនសូវពូកែ សូមកុំទាន់អស់សង្ឃឹម ត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងខិតខំបង្កើនបំណិតជីវិតឲ្យកាន់តែប្រសើរ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តកំពត និងផ្តល់រង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A ទាំង ៨៩នាក់ ដែលបានរៀបចំធ្វើនៅបរិវេណពហុកីឡដ្ឋានខេត្ត នៅព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាខេត្តកំពត បានលើកឡើងថា នៅក្នុងសម័យកាលណាក៏ដោយ ការសិក្សាអប់រំ បង្កើតធនធានមនុស្ស ជាការងារសំខាន់បំផុតសម្រាប់ប្រទេសជាតិមួយ ព្រោះមានតែចំណេះវិជ្ជាទេ ដែលអាចជួយស្រោចស្រង់ កសាងប្រទេសឲ្យគង់វង្សរុងរឿងបាន ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ដែរថា ការងារអប់រំជាកិច្ចការងារមួយសំខាន់មិនអាចខ្វះបាន ហើយអនាគតកម្ពុជា គឺត្រូវពឹងលើវិស័យអប់រំនេះ។ លោកបានលើកទឹកចិត្ត ដល់យុវជន និងសិស្សានុសិស្ស ពិសេសអ្នករៀនមិនសូវពូកែ សូមកុំអាលអស់សង្ឃឹម ត្រូវបន្តប្រឹងប្រែងរៀនសូត្រជាប្រចាំ និងអភិវឌ្ឍសមត្ថភាពជានិច្ច ទាំងជំនាញនៅក្នុងសាលា និងចំណេះដឹង បំណិតជីវិតនៅក្នុងសង្គម ដើម្បីចូលរួមកសាងស្រុកទេស ឲ្យរីកចម្រើន គង់វង្សតជំនាន់រហូតទៅ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រសាសន៍ឲ្យដឹងដែរថា សម្រាប់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៨ សីហា ឆ្នាំ២០២៥ ខេត្តកំពតមានសិស្សប្រឡងជាប់សរុប ចំនួន ៤.៦៩៨នាក់ ស្រី ២.៧២៥នាក់ ស្នើ ៩០.៨៥% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ៨៩នាក់ កើនឡើងជាងឆ្នាំមុន ១១នាក់ (និទ្ទេសA ទទួលបានម៉ូតូ ១គ្រឿង ថវិកា ៤០ម៉ឺនរៀល និងឱកាសទទួលបានកញ្ចប់អាហាររូបករណ៍នៅថ្នាក់ឧត្តមសិក្សា)៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments