ដើម្បីលើកកម្ពស់ និងទាកទាញទេសចរឱ្យមកកម្សាន្តនៅតំបន់រមណីយដ្ឋានទំនប់ម្លេចកាន់តែច្រើន រមណីយដ្ឋាន ឌឹ មរកតម្លេច ដែលទើបបើកដំណើរការកាលពីពេលថ្មីៗនេះ បានបន្ថែមសេវាកម្មប្លែកៗជាច្រើនលើអ្វីដែលមានស្រាប់ ពិសេសការជិះសត្វសេះកម្សាន្តគយគន់ទេសភាព ភ្នំ វាលស្រែ បឹង ប្រឡាយជាដើម។ តាមករបញ្ជាក់របស់តំណាងរមណីយដ្ឋានថា ការជិះសេះមានសុវត្ថិភាព ហើយជួយលើកកម្ពស់កីឡាជិះសេះកម្ពុជា និងការអភិរក្សសត្វសេះខ្មែរផង។
តំណាងម្ចាស់រមណីយដ្ឋាន ឌឹ មរកតម្លេច និងជាអ្នកជំនាញខាងបង្ហាត់ និងស្រឡាញ់កីឡាជិះសេះ បានប្រាប់ឱ្យដឹងថា ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រមណីយដ្ឋាន ឌឹ មរកតម្លេច ដែលទើបចាប់ផ្តើមបើកដំណើរថ្មីបានខិតខំរៀបចំនូវសេវាកម្មថ្មីៗជាច្រើន សម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់មកសម្រាកលម្ហែ ឱ្យទទួលយកនូវបទពិសោធន៍ជីវិត រស់នៅជាមួយធម្មជាតិ ជាពិសេសការផ្តល់ជូនសេវាជិះសេះកម្សាន្ត និងលក្ខណៈហាត់ជិះសេះដើម្បីចូលរួមប្រកួតជាដើម។ ការផ្តល់សេវាជិះសេះនេះ គឺជាការផ្សាភ្ជាប់ទេសចរណ៍ និងកីឡាក្នុងកញ្ចប់តែមួយ។តំណាងម្ចាស់រមណីយដ្ឋាន ឌឹ មរកតម្លេច បានបញ្ជាក់ថា ការជិះសេះ មានសុវត្ថិភាពទាំងស្រុង ព្រោះសេះទាំងអស់សុទ្ធតែត្រូវបានបង្ហាត់បង្រៀនរាល់ថ្ងៃ ហើយពេលភ្ញៀវជិះ មានអ្នកចាំជួយបង្រៀន និងតាមមើលរហូត។ ហើយភ្ញៀវអាចទិញសំបុត្រជិះគិតជាម៉ោង ឬជិះកម្សាន្តនៅក្នុងរមណីយដ្ឋាន ដើម្បីថតរូបអនុស្សាវរីយ៍ក៏បាន ចំណែកតម្លៃសមរម្យបំផុត មិនថ្លែនោះទេ។
ចំណែកឯកុមារា គង់ សោភ័ណ្ឌ ដែលស្រឡាញ់កីឡាជិះសេះម្នាក់ បានប្រាប់ឱ្យដឹងថា ការជិះសេះដំបូងគាត់មានការខ្លាចសេះផង ភ័យខ្លាចធ្លាក់ផង បន្តែបន្ទាប់ពីបានដឹងរបៀបជិះសេះ និងស្គាល់សត្វសេះ វាងាយស្រួល ហើយមានអារម្មណ៍ដូចបានរត់លេងជាមួយមិត្តភក្តិម្នាក់អីចឹង។
បើតាមស្ថិតិរបស់ក្រុមរក្សាការពារសត្វសេះបានបង្ហាញថា កម្ពុជាមានសត្វសេះខ្មែរប្រហែល ៦ពាន់ក្បាល ហើយសត្វសេះល្អដែលអាចយកមកបម្រើសេវាដល់ភ្ញៀវទេសចរបាន មានប្រមាណ ៣០០ក្បាល ហើយប្រសិនបើមានការគាំទ្រពីភ្ញៀវទេសចរ ឬក្រុមអ្នកស្រឡាញ់កីឡាជិះសេះ គេនឹងនាំសេះមកដាក់បន្ថែមទៅតាមតម្រូវការភ្ញៀវ៕
0 Comments