នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តនិងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុក។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងអនុម័តលើរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ ដែលសំរេចបាន និងផែនការបន្ទាប់ទៀតរបស់រដ្ឋបាលខេត្ត។ ជាក់ស្ដែង សម្រាប់កិច្ចប្រជុំនាពេលនេះ មិនខុសពីខែមុនៗដែរ គឺដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ តាមរយៈផែនការសកម្មភាព និង ផែនការគោលដៅរបស់រដ្ឋបាលខេត្ត រួមនិងដំណោះស្រាយបញ្ហា ប្រឈមនានា ដើម្បីឱ្យលទ្ធផលការងារកាន់តែសម្រេចបានជោគជ័យល្អប្រសើរបន្ថែមទៀត។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារយ៉ាងសកម្ម និងសហការល្អនាពេលកន្លងមក ដោយនាំឱ្យខេត្តមានការអភិវឌ្ឍន៍ឈានទៅមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញឱ្យបន្តការសហការគ្នារវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពទាំងអស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចអភិវឌ្ឍន៍សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមអភិបាលខេត្ត ដែលសូមអាជ្ញាធរទាំងអស់ត្រូវពង្រឹងការចាត់ចែង និងការចុះត្រួតពិនិត្យក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ ដោយផ្តោតលើការថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់ នៅក្នុងក្រុង-ស្រុករបស់ខ្លួន កន្លែងកំសាន្ត ទីសាធារណៈ និងវត្តអារាមនានា ដើម្បីធានាឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានទទួលអារម្មណ៍កក់ក្តៅ មានសុវត្ថិភាព និងសុវត្ថិភាពសង្គម៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















0 Comments