ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងកំពត ឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ និងឱ្យស៊ីគ្នារវាងឆ្នេរព្រែកត្រើយខាងកើត និងខាងលិច អាជាធរខេត្តកំពតនិងធ្វើការរៀបចំផ្លូវបេតុង ក៏ដូចជាក្រាលការ៉ូមាបនៅត្រើយខាងលិចព្រែកកំពង់បាយ ចាប់ពីស្ពានរថភ្លើង រហូតដល់នាឡិការយក្សដោយចែកចេញជាពីដំណាក់កាល។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តក៏បានស្នើដល់ម្ចាស់លំនៅឋានដែលជាប់ព្រែក ហើយបានឯកភាពគ្នាជាមួយរដ្ឋបាលខេត្តចូលរួមសហការបង្ខិតរបង និងសំណង់ដែលប៉ះពាល់។
ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងកំពត ឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ និងដើម្បីបម្រើប្រយោជន៍សាធារណ: រដ្ឋបាលខេត្ត និងចាប់ផ្តើមធ្វើការអភិវឌ្ឍន៍ឆ្នេរព្រែកកំពង់បាយត្រើយខាងលិច ដោយស្ថាបនាជាផ្លូវបេតុងចាប់ពីចំណុចគល់រថភ្លើង រហូតដល់នាឡិកាយក្ស ស្ថិតក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការគិតគូរខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរជានិច្ចចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ពិសេសសម្តេចបានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការដោយផ្ទាល់មកកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ត្រូវរៀបចំកែច្នៃ ក៏ដូចជាបង្កើតនូវសមិទ្ធិផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះដែរ រដ្ឋបាលខេត្តក៏បានត្រៀមរៀបចំដោះដូរទីតាំងថ្មីជូនពលរដ្ឋដែលរស់នៅចាប់ពីគល់ស្ពានត្រើយកោះ រហូតដល់នាឡិការយក្សផងដែរ ហើយឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការស្នើដល់ប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ដែលបានឯកភាពគ្នាជាមួយរដ្ឋបាលក្រុង-ខេត្ត សូមរៀបចំបង្ខិតរបង រុះរើសំណង់ផ្សេងៗដែលប៉ពាល់ដល់ស្ថាបនាផ្លូវឱ្យបានលឿនបំផុតទៅតាមដែលអាចធ្វើបាន ព្រោះការស្ថាបផ្លូវបេតុងនេះ និងចាប់ផ្តើមនៅពេលដ៏ខ្លីខាងមុខនេះ។
ក្នុងន័យដើម្បីបម្រើផលប្រយោជន៍សម្រាប់សាធារណជនទូទៅ ពិសេសបង្កភាពងាយស្រួលដល់ទេសចរជាតិ អន្តរជាតិធ្វើដំណើរកម្សាន្តតាមឆ្នេរព្រែកកំពង់បាយត្រើយខាងលិច រដ្ឋបាលខេត្តបានដាក់គម្រោងអភិវឌ្ឍដោយស្ថាបនាផ្លូវបេតុង ព្រមទាំងរៀបចំច្រាំងប្រវែងជិត ៣គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរឱ្យមានសោភ័ណភាព និងគុណភាពយូរអង្វែង។ សូមបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យចំបង និងជាវិស័យដែលត្រូវធ្វើការអភិវឌ្ឍមុនគេ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ អាជីវករ និងអ្នកផ្តល់សេវាលើវិស័យនេះអាចទាញយកប្រាក់ចំណូលបានច្រើន ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments