Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរស្រុកឈូកបានរៀបចំសន្តិសសុខសណ្តាប់ធ្នាប់នៅតាមទីប្រជុំជននិងតាមភូមិ-ឃុំបានកាន់តែល្អប្រសើរខណៈស្រុកជាស្រុកដែលមានភ្ញៀវទេសចរឆ្លងកាត់ច្រើន

អភិបាលស្រុកឈូកបានបញ្ជាក់ថា ការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់គឺជារឿងសំខាន់ ហើយរដ្ឋបាលស្រុកបានគិតគូរ និងអនុវត្តបានល្អទាំងនៅទីប្រជុំជន រួមមាន ផ្សារ សាលារៀន វត្តអារាម ជាដើម។ល។ រហូតទៅដល់ ភូមិ-ឃុំ ពិសេសការដាក់ឱ្យអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលកាត់បន្ថយបាននូវភាពអសន្តិសុខ បទល្មើសផ្សេងៗ ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងរក្សាបាននូវអនាម័យបរិស្ថានស្អាត។

អភិបាលស្រុកឈូក លោក សៅ មឿន បានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត លោកតែងតែខិតខំលះបង់អស់កម្លាំងកាយចិត្តក្នុងការដឹកនាំចង្អុលបង្ហាញដល់អាជ្ញាធរស្រុក ដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្តកំពតឱ្យកាន់តែមានភាពល្បីល្បាញ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះដែរស្រុកឈូក ដែលជាស្រុកមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ហើយជាស្រុកមួយដែលមានមុខមាត់ដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចររបស់ខេត្ត ព្រោះភ្ញៀវទេសចរត្រូវធ្វើដំណើរឆ្លងកាត់ទាំងទៅ និងមក ដើម្បីដើរលេងកម្សាន្តក្នុងខេត្តកំពត។ ដូច្នេះអាជ្ញាធរស្រុកបានយកចិត្តទុកដាក់រៀបចំសន្តិសុខសណ្តាប់ធ្នាប់ សម្អាតអនាម័យបរិស្ថាន ពិសេសនៅតាមដងផ្លូវជាតិលេខ៣ ក៏ដូចជាផ្សារឈូក និងនៅតាមបណ្តាភូមិ-ឃុំនីមួយៗ ក្នុងន័យដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាឱ្យភ្ញៀវដែលឆ្លងកាត់មានអារម្មណ៍ស្រស់ស្រាយផងដែរ។

ប្រជាពលរដ្ឋក្នុងស្រុកឈូក ក៏បានសម្តែងការពេញចិត្តចំពោះការរៀបចំសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលស្រុក និងមើលឃើញថា ស្រុករបស់ខ្លួនបច្ចុប្បន្ន មានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអនាម័យបរិស្ថានស្អាត កាត់បន្ថយបាននូវភាពអសន្តិសុខ ល្បែងស៊ីសង បទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប្រជាពលរដ្ឋបានបន្តថា ក្រោយមានការណែនាំពីអាជ្ញាធរស្រុក ទាំងយុវជន និងប្រជាពលរដ្ឋបានយល់ដឹងយ៉ាងច្បាស់អំពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាក្នុងកាត់បន្ថយបាននូវភាពអសន្តិសុខនៅក្នុងមូលដ្ឋាន បទល្មើសផ្សេងៗ ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងរក្សាបាននូវអនាម័យបរិស្ថានស្អាត។

ទោះយ៉ាងណាក៏ដោយ អាជ្ញាធរស្រុកឈូក នៅតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ សមត្ថិកិច្ចជំនាញពាក់ព័ន្ធឱ្យបានល្អប្រសើរ ទាំងលើការងារអភិវឌ្ឍន៍ស្រុក ការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ការងារគាំពារបរិស្ថាន ពិសេសការរួមគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments