នាឱកាសនៃពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត អនុគណ:កម្មការពិព័រណ៍ និងស្តង់ បានប្រើប្រាស់ស្តង់ប្រមាណជិត៥០០ស្តង់ ដើម្បីដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលនានាទាំងក្នុង និងមកពីក្រៅខេត្តជូនភ្ញៀវទេសចរទស្សនាក្នុងរយៈពេល ៣ថ្ងៃនៃពិធី។
ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត និងជាប្រធានអនុគណ:កម្មការពិព័រណ៍ និងស្តង់ បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ នឹងមានស្តង់ពិព័រណ៍ប្រមាណជិត៥០០ ដើម្បីដាក់តាំងបង្ហាញផលិតផលនានានៅ៣កន្លែងផ្សេងៗគ្នា ដែលទីតាំងទី១ ស្ថិតនៅក្បែរវេទិកាប្រារព្ធពិធី លើឆ្នេរខ្សាច់មុខមន្ទីរពេទ្យបង្អែកខេត្ត, ទីតាំងទី២ ក្នុងបរិវេណពហុកីឡដ្ឋានខេត្ត, និងទីតាំងទី៣ នៅសួនច្បាររូបសំណាកសម្តេចព្រះបាទអង្គឌួង ហើយចំពោះពិព័រណ៍នៅទីតាំងទី១ មានចំនួន ៦០ស្តង់ ជាប្រភេទ វី.អាយ.ភី ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំកំពូល ហើយទីនោះមានស្តង់ពិសេសចំនួន៣ ជាស្តង់របស់ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពត។ លោកប្រធានអនុគណ:កម្មការបានបញ្ជាក់ថា ការទទួលធ្វើម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ គឺជាលើកដំបូងសម្រាប់ឯកឧត្តម ម៉ៅ ធនិន ក្នុងអាណត្តិដឹកនាំនៅខេត្តកំពត ដូច្នេះសូមក្រុមការងារអនុគណ:កម្មការពិព័រណ៍ និងស្តង់ ត្រូវប្រឹងប្រែងធ្វើយ៉ាងណាឱ្យទទួលជោគជ័យ និងមានការពេញចិត្តពីថ្នាក់ដឹកនាំ ក៏ដូចជាគ្រប់ភ្ញៀវជិតឆ្ងាយ ស្របតាមកិច្ចខិតខំរបស់ឯកឧត្តមអភិបាលខេត្តដែលបានធ្វើឱ្យខេត្តប្រែមុខមាត់ថ្មី ពិសេសលើវិស័យទេសចរណ៍។លោក ខៀវ រិទ្ធិភ័ណ្ឌ បានបន្តថា ទាំងការងារៀបចំស្លាយបញ្ចាំង ទាំងការតាំងបង្ហាញរូបថតស្តីពីសមិទ្ធផលគ្រប់វិស័យ និងធនធានសក្តានុពល ដូចជា ស្មៅសមុទ្រ ផ្កាថ្មសមុទ្រ ត្រីផ្សោតផ្កាឈូក ត្រីសេះសមុទ្រ ទំនប់វារីអគ្គិសនី រោងចក្រផលិតស៊ីម៉ងតិ៍ជាដើម ក្រុមជំនាញត្រូវជ្រើសរើសរូបភាពល្អៗប្រកបដោយខ្លឹមសារសម្រាប់បង្ហាញទស្សនិកជន។ ចំណែកការដាក់តាំងផលិតផលសក្តានុពល ក៏មិនត្រូវភ្លេចចន្លោះនូវប្រភេទណាមួយដែរ ក្នុងនោះរួមមាន ស៊ីម៉ងតិ៍ អំបិល ទឹកត្រី ក្តាម បង្គា ពិសេសផ្លែឈើ៧មុខដែលជាសក្តានុពលប្រចាំខេត្តផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments