Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរក្រុងកំពតនិងក្រុមហ៊ុនប្រមូលសំរាមប្តេជ្ញាថាភ្ជុំបិណ្ឌនេះមិនឲ្យទេសចរឃើញសំរាមនៅលើដីឡើយ


អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បានប្រាប់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសម្អាតអនាម័យ បរិស្ថាន ពិសេសការកែលម្អសោភ័ណភាពក្រុង ដោយបង្កើតសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញជាច្រើន។ ហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរជាច្រើននឹងមកលេងខេត្តកំពត ដែលជាហេតុធ្វើបរិមាណសំរាម អាចមានការកើនឡើង ឬអាចរាយប៉ាយ ដែលទាមទាឲ្យអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមត្រូវរៀបចំផែនការឲ្យច្បាប់លាស់ដើម្បីធ្វើក្រុងស្អាត គ្មានសំរាមនៅលើដី និងក្នុងទឹកព្រែក។

នាយកក្រុមហ៊ុនប្រមូលសំរាម (កំពតហ្គ្រីន) លោក សួន សុភក្ត្រ បានប្រាប់ឱ្យដឹងថា រៀងរាល់ពិធីបុណ្យធំៗ បុគ្គលិក កម្មករតែងយោគយល់ដល់ក្រុមហ៊ុន ហើយមិនបានសុំច្បាប់សម្រាកទេ ដោយពួកគាត់នៅចាំជួយប្រមូល និងសម្អាតសំរាមជាប្រចាំទាំងយប់  ពោលគឺភ្លឺឡើងក្រុងកំពត ត្រូវតែស្អាត។ លោកបញ្ជក់ថា ក្រុមហ៊ុនកំពតហ្គ្រីនតែងតែខិតខំសម្អាតអនាម័យ ដើម្បីធ្វើយ៉ាងណា ឱ្យស័ក្តិសមនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានស្ថាបនាសមិទ្ធផលទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ។

យ៉ាងណាក៏ដោយ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម បានអំពាវនាវដល់ពលរដ្ឋក្នុងក្រុង និងភ្ញៀវទេសចរមកពីទីជិតឆ្ងាយសូមមេត្តាជួយទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីឲ្យក្រុមហ៊ុនងាយស្រួល ក្នុងការដើរប្រមូល និងដឹកជញ្ជូនសំរាមចេញ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments